ដោយ៖ រ៉ាវី
ភ្នំពេញ៖ បច្ចុប្បន្នគេមើលឃើញថា ការជួញដូរអលចនវត្ថុនៅក្នុងតំបន់ខណ្ឌដង្កោចាប់ផ្ដើមមានសកម្មភាពផុលផុសឡើងវិញតាមរយៈសកម្មភាពនៃការអភិវឌ្ឍនៃគម្រោងនានាជាច្រើន រហូតធ្វើឱ្យអ្នកជំនាញលើវិស័យនេះ ចាត់ទុកថា ខណ្ឌដង្កោជាតំបន់ដ៏ល្អ និងបង្កលក្ខណៈងាយស្រួលក្នុងការជួញដូរ និងជាឱកាសក្នុងការអភិវឌ្ឍបានគ្រប់យ៉ាង។

-->
ពាក់ព័ន្ធនឹងចំណុចនេះដែរ លោកឧកញ៉ា នួន រិទ្ធី អគ្គនាយកក្រុមហ៊ុន KFA បានលើកឡើងថា ដង្កោជាខណ្ឌងាយស្រួលក្នុងការអភិវឌ្ឍដូចខណ្ឌដទៃមួយចំនួនទៀតដែរ ព្រោះខណ្ឌនេះមានសណ្ឋានដីល្អច្រើន ម្យ៉ាងពុំសូវស្ថិតនៅឆ្ងាយពីទីក្រុងភ្នំពេញប៉ុន្មានឡើយ។ «ដោយសាតែហេតុផលនេះហើយ ទើបធ្វើឱ្យដង្កោកំពុងតែជាប់ចំណាត់ថ្នាក់នៃការសម្លឹងមើលឃើញពីអ្នកវិនិយោគ ព្រោះតំបន់ដង្កោពោរពេញដោយទីផ្សារមធ្យម និងក្រោមមធ្យមសម្រាប់ការកសាងលំនៅឋាន។ ពិសេសដង្កោក៏មានសួនឧស្សាហកម្មមួយចំនួននៅទីនោះផងដែរ ដូច្នេះតំបន់នេះត្រូវបានគេចាត់ទុកថា ជាតំបន់មានការអភិវឌ្ឍចម្រុះ»។ នេះជាសំដីរបស់លោកឧកញ៉ា ដែលបានបញ្ជាក់បន្ថែម។

អគ្គនាយកក្រុមហ៊ុន KFA រូបនេះ បានបន្ដថា ជាមួយនឹងការអភិវឌ្ឍបែបបុរី ខណ្ឌដង្កោក៏មានច្រើន លើសពីនេះនៅមានរោងចក្រឧស្សាហកម្ម និងផែស្ងួតក៏ត្រូវបានអភិវឌ្ឍនៅទីនោះដែរ មូលហេតុនេះបានធ្វើឱ្យតម្លៃអចលនវត្ថុនៅក្នុងតំបន់នេះនៅតែអាចរក្សាបានសមរម្យ ព្រោះតំបន់ខណ្ឌដង្កោជាតំបន់មានសក្ដានុពលមិនចាញ់ខណ្ឌនានានៅក្នុងរាជធានីភ្នំពេញទេ ។ អ្វីដែលធ្វើឱ្យតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ (ខណ្ឌដង្កោ)មានសក្ដានុពល គឺព្រោះតែតំបន់នេះមានប្រព័ន្ធទឹក ភ្លើង និងមានហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងដែលអាចតភ្ជាប់ពីរាជធានីភ្នំពេញទៅតំបន់នេះ ជាកត្តាចម្បងក្នុងធ្វើចរាចរណ៍យ៉ាងងាយស្រួលព្រមទាំងអាចកាត់បន្ថយការកកស្ទះបានផងដែរ ។

លោកឧកញ៉ាបញ្ជាក់ថា៖ នៅក្នុងតំបន់ខណ្ឌដង្កោ យើងឃើញថា មានផ្លូវសម្ដេចតេជោមួយខ្សែដែលបែងចែកមួយផ្នែកទៅកាន់ផ្លូវជាតិលេខ2 មួយផ្នែកទៀតទៅកាន់ផ្លូវជាតិលេខ3 ជាចរន្ដមួយធ្វើឱ្យតំបន់ដង្កោមានសក្ដានុពលនៃការធ្វើចរាចរណ៍។ ករណីអតិថិជនទិញដីនៅក្នុងតំបន់ខណ្ឌដង្កោពួកគាត់មានអាចផ្លូវល្អ អាចធ្វើដំណើរត្រឹម5នាទីក៏មកដល់រាជធានីភ្នំពេញ ។ ជាងនេះទៅទៀតតំបន់អភិវឌ្ឍន៍មួយនេះមានប្រព័ន្ធទឹក ភ្លើង និងផ្លូវ ជាចំណុចពិសេសអាចធ្វើឱ្យខណ្ឌដង្កោមានសក្ដានុពល៕