ដោយ៖ វុដ្ឋា
ក្រោយពីបញ្ចប់សង្គ្រាមលោក លើកទី២ មក ប្រទេសមួយចំនួននៅលើពិភពលោកបានសាងសង់អគារខ្ពស់កប់ពពកដើម្បីបង្អួត និងចង់បង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច និងវប្បធម៌របស់ខ្លួនទៅកាន់ពិភពក ឲ្យងាមកមើលសក្ដានុពលផ្នែកសេដ្ឋកិច្ចរបស់ខ្លួន តាមរយៈការសាសង់អគារខ្ពស់កប់ពពកនេះ។ គេហទំព័រ propertyarea.asia បានបង្ហាញអគារជាច្រើននៅតាមប្រទេសមួយចំនួនដែលមានសេដ្ឋកិច្ចរីកចម្រើន នាពេលនេះ នឹងសូមណែនាំអោយស្គាល់អគារថ្មីមួយទៀត ដែលនឹងបង្ហាញខ្លួន នៅឆ្នាំ ២០២០ ខាងមុខ គឺអគារ Jeddah Tower។

-->
អគារ Jeddah Tower ដែលកាលពីមុនគេដាក់ឈ្មោះថា Kingdom Tower និង Mile-High Tower គឺជាអគារខ្ពស់កប់ពពកមួយដែលកំពុងសាងសង់នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងតម្លៃបឋមប្រមាណ ជា ១. ២៣ ពាន់លានដុល្លារ សហរដ្ឋអាមេរិក។ បើតាមគម្រោង អគារJeddah Towerដែលជាអគារខ្ពស់កប់ពពកនេះនឹងត្រូវបញ្ចប់នៅក្នុងឆ្នាំ២០២០ ខាងមុខ ហើយត្រូវគេរំពឹងថានឹងក្លាយជាអគារខ្ពស់ជាងគេនៅលើពិភពលោក ដែដែលមានរចនាសម្ពន្ធកំពស់នៃអគារនេះរហូតដល់មួយគីឡូម៉ែត្រ។

អគារនេះ ស្ថិតនៅចំណុចស្នូលនៃទីក្រុង និងដំណាក់កាលនៃការអភិវឌ្ឍទៅជា Jeddah Economic City ដែលនៅជាប់តាមបណ្តោយសមុទ្រក្រហមនៅខាងជើងទីក្រុង Jeddah ។ ការអភិវឌ្ឍអគារ Jeddah Tower គឺដើម្បីនាំមកនូវការផ្លាស់ប្តូរយ៉ាងធំធេងក្នុងវិស័យអភិវឌ្ឍន៍និងទេសចរណ៍ទៅកាន់ទីក្រុង Jeddah ដែលត្រូវបានគេចាត់ទុកថាជាទីក្រុងសេរីនិយមបំផុតនៅអារ៉ាប់ប៊ីសាអូឌី។

កាលពីដំបូងឡើយ គេគ្រោងសាងសង់អគារនេះក្នុងកំរិតកម្ពស់១.៦គីឡូម៉ែត្រ តែដោយសារនៅភូមិសាស្ត្រនៃតំបន់នោះមិនសមស្របសម្រាប់ប៉មកំពស់នោះទេ ទើបគេបន្ថយកំពស់មកសល់ពិតប្រាកដប្រមាណជិត១០០០ ម៉ែត្រ ដែលស្មើនឹងជិត ១ គីឡូម៉ែត្រ ហើយជាអគារដែលមានកម្ពស់ខ្ពស់ជាងអគារ Burj Khalifa ស្ថិតនៅក្នុងទីក្រុង ឌូបៃនៃ ប្រទេអារ៉ាប់អេមីរេត ។ ការរចនាគូរប្លង់នៃអគារនេះ ត្រូវបានបង្កើតឡើងដោយស្ថាបត្យករអាមេរិក គឺ លោក Adrian Smith ជនជាតិអាមេរិច ដែលជាអ្នករចនាគូរប្លង់អគារ Burj Khalifa រួមរួមបញ្ចូលលក្ខណៈពិសេសនៃរចនាសម្ពន្ធ និងសោភ័ណភាពនៃអគារ។

អ្នកបង្កើត និងជាអ្នកដឹកនាំគម្រោងសាងសង់អគារនេះគឺព្រះអង្គម្ចាស់អារ៉ាប៊ីសាអ៊ូឌីត Al-Waleed bin Talal ដែលជាអ្នកមានបំផុតនៅមជ្ឈឹមបូព៌ា ជាចៅប្រុសរបស់ព្រះអង្គម្ចាស់ Ibn Saud និងជាក្មួយប្រុសរបស់ស្តេចអារ៉ាប៊ីសាអូឌី។ ព្រះអង្គម្ចាស់ Al-Waleed គឺជាប្រធានក្រុមហ៊ុន Kingdom Holding (KHC) ដ៏ធំបំផុត និងជាដៃគូរបស់ Jeddah Economic Company (JEC) ដែលត្រូវបានបង្កើតឡើងក្នុងអំឡុងឆ្នាំ ២០០៩ សម្រាប់ការអភិវឌ្ឍអគារ Jeddah និងទីក្រុងទាំងមូល។

ការសាងសង់នៃអគារនេះ ត្រូវបានទទួលការកោតសរសើរ យ៉ាងខ្លាំង និងជានិមិត្តសញ្ញាវប្បធម៌ដ៏សំខាន់មួយ នឹងជានិមិត្តរូបនៃទ្រព្យសម្បត្តិ និងអំណាចរបស់ជាតិ ។ បើគិតត្រឹមថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៧ ត្រូវបានគេសាងសង់រួចបានប្រមាណ ៥៦ ជាន់ និងស្នូលកណ្តាលដែលមានជណ្តើរយន្ត បាន ៦៣ ជាន់៕

