Hattha top Banner

តើសិង្ហបុរី និងម៉ាឡេសុីអាចទាញបានផលប្រយោជន៍ពីការបង្កើតតំបន់សេដ្ឋកិច្ចពិសេសរួមគ្នាដែរឬទេ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: គម្រោងស្ថាបនាតំបន់សេដ្ឋកិច្ចពិសេសរួមគ្នា Johor-Singapore រវាងប្រទេសសិង្ហបុរី និងម៉ាឡេស៊ី ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ចាប់តាំងពីភាគីទាំង២បានចុះអនុស្សរណៈនៃការយោគយល់គ្នាកាលពី
ខែមករាដើមឆ្នាំ២០២៤។

ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការលើកដំបូងទៅកាន់ប្រទេសម៉ាឡេស៊ីកាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីសិង្ហបុរីថ្មីលោក Lawrence Wong បានលើកឡើងពីសក្តានុពលនៃតំបន់សេដ្ឋកិច្ចពិសេស ដោយកត់សម្គាល់ថា តំបន់នេះអាចផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចដ៏ធំធេងសម្រាប់ប្រទេសទាំងពីរ។

លោក Wong បានសង្កត់ធ្ងន់ថា “មនុស្សមួយចំនួនតែងតែងនិយាយច្រំដែលថា ប្រទេសយើងទាំង២កំពុងប្រកួតប្រជែងគ្នា។ប៉ុន្តែ តាមការពិត យើងកំពុងបំពេញបន្ថែមឱ្យគ្នាទៅវិញទៅមកចំពោះអ្វីដែលយើងខ្វះខាត”។

ត្រង់ចំណុចនេះ លោកស្រី Lim Lay Wah និងលោកស្រី Tay Xiaohan អ្នកជំនាញនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ UOB បានលើកឡើងថា “សិង្ហបុរីមានធនធានទេពកោសល្យ និងបច្ចេកវិទ្យា។ចំណែករដ្ឋ Johor មានដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធ”។ដូច្នេះ តើការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនឹងផ្តល់ផលប្រយោជន៍ដល់ភាគីទាំង២ដោយរបៀបណា?
ដូចដែលគេបានដឹងស្រាប់ បច្ចុប្បន្ន ប្រទេសម៉ាឡេស៊ី និងសិង្ហបុរី គឺជាតួអង្គ និងដៃគូដ៏សំខាន់នៅក្នុងប្រព័ន្ធអេកូឡូស៊ី semiconductor។ ដូច្នេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះនឹងពង្រឹងជំហររបស់ប្រទេសទាំងពីរក្នុងវិស័យអគ្គិសនី និងអេឡិចត្រូនិក។

ម្យា៉ងវិញទៀត កាលពីឆ្នាំមុន លោក V Sivakumar រដ្ឋមន្ត្រីក្រសួងធនធានមនុស្សរបស់ប្រទេសម៉ាឡេស៊ី បានបញ្ជាក់ថា គិតត្រឹមឆ្នាំ២០២២ ប្រជាជនម៉ាឡេស៊ីចំនួន១,១៣លាននាក់ក្នុងចំណោម១,៨៦លាននាក់ដែលបានធ្វើចំណាកស្រុកទៅក្រៅប្រទេស កំពុងរស់នៅក្នុងប្រទេសសិង្ហបុរី។

ហេតុនេះ នៅពេលដែលតំបន់សេដ្ឋកិច្ចពិសេសត្រូវបានបង្កើតឡើង វានឹងអាចជួយទាក់ទាញធនធានមនុស្សដែលមានជំនាញមកកាន់មជ្ឈមណ្ឌលរួម និងទប់ស្កាត់លំហូរធនធានមនុស្សដែលមានទេពកោសល្យកុំឱ្យចាកចេញពីប្រទេសម៉ាឡេស៊ី។បន្ថែមពីលើនេះ បណ្តាក្រុមហ៊ុនផលិតកម្មបរទេស ដែលកំពុងស្វែងរកឱកាសពង្រីកខ្លួន ឬធ្វើពិពិធកម្មចូលមកក្នុងតំបន់អាស៊ាន នឹងចាប់អារម្មណ៍ងាកមកបណ្តាក់ទុននៅតំបន់សេដ្ឋកិច្ចពិសេសនេះ ដែលនឹងជួយលើក​កម្ពស់​ការ​ប្រកួត​ប្រជែង​ជាមួយ​នឹង​បណ្តាប្រទេស​ជិត​ខាង​ដូច​ជា​ថៃ និង​វៀតណាម។

បច្ចុប្បន្ន ប្រទេសសិង្ហបុរីក៏មានក្រុមហ៊ុនឈានមុខគេលើការស្រាវជ្រាវ និងការអភិវឌ្ឍន៍ (R&D) និងមានបច្ចេកវិទ្យាទំនើប ខណៈដែលប្រទេសម៉ាឡេស៊ីដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គុំ និងសាកល្បងបន្ទះសៀគ្វី។

ប៉ុន្តែ សិង្ហបុរីគឺជាប្រទេសតូច ដែលជួបប្រទះកង្វះដីធ្លី និងការកើនឡើងថ្លៃដើមក្នុងស្រុក។ រីឯ រដ្ឋ Johor មានដីធ្លី និងហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់។ប៉ុន្តែ ម៉ាឡេសុីខ្វះខាតធនធានមនុស្ស។ដូច្នេះ ធនធានមនុស្សរបស់សិង្ហបុរី នឹងអាចហូរចូលយ៉ាងលឿនទៅកាន់រដ្ឋ Johor ដោយសម្រួលដល់ការផ្លាស់ប្តូរគំនិតល្អបំផុត។សិង្ហបុរីផ្តល់នូវមជ្ឈមណ្ឌលក្នុងតំបន់ជាយុទ្ធសាស្ត្រ បទពិសោធន៍ស្រាវជ្រាវ និងការអភិវឌ្ឍន៍ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាច្រើន ខណៈរដ្ឋ Johor ផ្តល់តម្លៃជួល និងកម្រិតប្រាក់ឈ្នួលទាប ដែលការណ៍នេះធ្វើឲ្យថ្លៃដើមផលិតកម្មមានលក្ខណៈប្រកួតប្រជែង។ ក្នុងន័យនេះ ការបង្កើតតំបន់សេដ្ឋកិច្ចពិសេសខាងលើ អាចបំពេញការខ្វះខាតឱ្យគ្នាទៅវិញទៅមក ដើម្បីទាក់ទាញក្រុមហ៊ុនកាន់តែច្រើនឱ្យមកបណ្តាក់ទុនទាំងនៅសិង្ហបុរី និងម៉ាឡេសុី។

ជាឧទាហរណ៍ ក្រុមហ៊ុនផលិតបន្ទះ semiconductor អាចបង្កើតមជ្ឈមណ្ឌលលក់នៅសិង្ហបុរី ប៉ុន្តែក្រុមហ៊ុនត្រូវបង្កើតឃ្លាំងរបស់ខ្លួននៅរដ្ឋ Johor ដើម្បីរក្សាថ្លៃដើមផលិតកម្មឱ្យនៅកម្រិតទាប។ ដូច្ន្នេះ វានឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំសំបើមដល់កំណើនសេដ្ឋកិច្ចនៃប្រទេសទាំង២៕ប្រភព:CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here