ការជួលការិយាល័យនៅទីក្រុងញូវយ៉កស្ទុះងើបឡើងវិញ ខណៈតម្លៃជួលស្ថិតនៅទ្រឹង

0

ដោយ: គង់ លាងហួរ

អន្តរជាតិ: និន្នាការ​ត្រឡប់​ទៅ​ធ្វើការនៅការិយាល័យ​វិញ​នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក បន្ត​កម្រើកឡើងវិញនៅក្នុងអំឡុងត្រីមាសទី២ ឆ្នាំ២០២៤នេះ។នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន New York Post។

តួយ៉ាង ទីផ្សារអគារការិយាល័យក្នុងសង្កាត់ Manhattan នៅខែឧសភា ឆ្នាំនេះ ទទួលបានអត្រាជួលជាមធ្យមក្នុងរង្វង់៧៤% បើធៀបនឹងកម្រិតឆ្នាំ២០១៩ និងកើនឡើងពីអត្រាជួលជាមធ្យមក្នុងរង្វង់៧០% នៅក្នុងខែឧសភា ឆ្នាំ២០២៣។ នេះបើយោងតាមក្រុមប្រឹក្សាភិបាលអចលនទ្រព្យនៃទីក្រុងញូវយ៉ក។

តួលេខខាងលើទាំងនេះត្រូវបានវាយតម្លៃដោយផ្អែកទៅលើការវិភាគទិន្នន័យពីគេហទំព័រ Placer.ai ។ ទិន្នន័យត្រូវបានប្រមូលពីអគារការិយាល័យចំនួន៣៥០ទីតាំង និងបូករួមបញ្ចូលទាំងការលក់រាយនៅក្នុងអគារទាំងនោះផងដែរ។

យ៉ាងណាមិញ អត្រាជួលការិយាល័យនៅខែឧសភា មានកម្រិតទាបជាងនៅខែមេសា ដែលទទួលបានអត្រាជួលសរុបជាមធ្យមប្រមាណ៧៥% ដោយសារតែការធ្វើដំណើរកំសាន្តចុងសប្តាហ៍នៅក្នុងឱកាសទិវា Memorial Day។

ចំណែក ថ្លៃជួលការិយាល័យជាមធ្យមក្នុងសង្កាត់ Manhattan ដដែលបានស្ថិតនៅទ្រឹងត្រឹម៧៧,៤១ដុល្លារអាមេរិកក្នុងមួយហ្វីតការ៉េ ខណៈដែលសកម្មភាពនៃការជួលមានទំហំផ្ទៃក្រឡាសរុបប្រមាណ២,២៨លានហ្វីតការ៉េ។នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

លោក Keith DeCoster នាយកផ្នែកវិភាគទិន្នន័យទីផ្សារ និងគោលនយោបាយនៅក្រុមប្រឹក្សាភិបាលអចលនទ្រព្យនៃទីក្រុងញូវយ៉ក។ (REBNY) បានលើកឡើងថា “យើងនឹងឃ្លាំមើលយ៉ាងដិតដល់ដើម្បីពិនិត្យថា តើអត្រានៃការត្រឡប់ចូលធ្វើការនៅការិយាល័យវិញនឹងបន្តកើនឡើងទៀត ឬស្ថិតនៅទ្រឹង ឬធ្លាក់ចុះទៅវិញក្នុងរដូវក្តៅស្របតាមនិន្នាការជាប្រវត្តិសាស្ត្រ”៕ប្រភព: New York Post ៕

LEAVE A REPLY

Please enter your comment!
Please enter your name here