ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅលើកោះបាលី ក្នុងប្រទេសឥណ្ឌូនេស៊ី កំពុងទាក់ទាញចំណាប់អារម្មណ៍ ពីអ្នកវិនិយោគនៅតំបន់អាស៊ី ដោយសារការស្ទុះងើបឡើងវិញ នៃវិស័យទេសចរណ៍ និងលំហូរក្រុមអ្នកចូលចិត្ត ធ្វើការងារពីចម្ងាយ(Digital nomad)។
ជាក់ស្ដែង ប្រាក់ចំណូលដែលទទួលបាន ពីការជួលលំនៅដ្ឋានរយៈពេលខ្លីនៅលើកោះនេះ ដែលត្រូវបានវាស់វែងដោយប្រាក់ចំណូលក្នុងមួយយប់ បានកើនឡើង៨ភាគរយ ដល់ទំហំទឹកប្រាក់ចំនួន១,៩លានរូពៀ (ប្រហែល១១៨ដុល្លារអាមេរិក)ក្នុងមួយយប់។
-->
ជាមួយគ្នានេះ អត្រាគ្របដណ្តប់ការជួលសរុប(Occupancy rate) បានកើនឡើងដល់៥៦ភាគរយ ដែលមានកម្រិតខ្ពស់ជាងមុន ផ្ទុះជំងឺរាតត្បាតទៅទៀត។ នេះបើយោងតាមក្រុមហ៊ុនអង្កេតតាមដានទិន្នន័យ AirDNA។បណ្តាវិនិយោគិនមកពីទីក្រុងហុងកុង និងប្រទេសសិង្ហបុរី ក៏កំពុងបង្ហាញចំណាប់អារម្មណ៍ ជាពិសេសលើការបណ្តាក់ទុនលើអចលនទ្រព្យ នៅលើកោះដ៏ពិសិដ្ឋមួយនេះផងដែរ។

លោក James Hartshorn នាយកប្រតិបត្តិ និងជាសហស្ថាបនិកក្រុមហ៊ុន Palm Developments ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានលើកឡើងថា អតិថិជនបានចាប់អារម្មណ៍កាន់តែខ្លាំង លើលំនៅដ្ឋាននៅលើកោះនេះ ព្រោះការវិនិយោគ អាចផ្តល់អត្រាផលចំណេញត្រឡប់មកវិញ(Return)ចន្លោះពី១៥% ទៅ១៨%ក្នុងមួយឆ្នាំ។
លោក John Truong មានអាយុ៣៨ឆ្នាំ និងជាជនជាតិអង់គ្លេស ដែលធ្វើការខាងផ្នែកហិរញ្ញវត្ថុ នៅទីក្រុងហុងកុងបានថ្លែងថា “លោកបានទិញផ្ទះវីឡានៅកោះបាលី ក្នុងតម្លៃចន្លោះពី២០០.០០០ដុល្លារ ទៅ២៥.០០០ដុល្លារអាមេរិក ដើម្បីស្វែងរកអត្រាផលចំណេញខ្ពស់ ពីការវិនិយោគមួយនេះ”។
យោងតាមការស្រាវជ្រាវរបស់លោក Truong បង្ហាញថា អត្រាផលចំណេញត្រឡប់មកវិញ ពីការវិនិយោគលើអចលនទ្រព្យនៅកោះបាលី ស្ថិតក្នុងចន្លោះពី១៥% ទៅ២០% បើធៀបនឹងផលចំណេញត្រឹមតែ២ភាគរយ នៅក្នុងទីក្រុងហុងកុង ៤%ទៅ៦%ភាគរយ នៅក្នុងប្រទេសម៉ាឡេស៊ី និងវៀតណាម និង៨ភាគរយនៅក្នុងប្រទេសថៃ។
យ៉ាងណាមិញ ម្ចាស់អចលនទ្រព្យនៅកោះបាលី ដែលជាជនជាតិបរទេស មានកាតព្វកិច្ចបង់ពន្ធ ក្នុងអត្រាខ្ពស់ជាងប្រជាពលរដ្ឋឥណ្ឌូនេស៊ីទូទៅ។
លោកTruong បញ្ជាក់ថា លោកបានបង់ពន្ធលើប្រាក់ចំណូល ដែលមានទំហំទឹកប្រាក់ស្មើនឹង២០% នៃតម្លៃជួលលំនៅដ្ឋាន ខណៈពលរដ្ឋឥណ្ឌូនេស៊ី មានកាតព្វកិច្ចបង់ពន្ធត្រឹមតែ១០ភាគរយប៉ុណ្ណោះ។
ទន្ទឹមនឹងនេះ គេសង្កេតឃើញថា បណ្តាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យខ្នាតតូច កំពុងសាងសង់គម្រោងលំនៅដ្ឋានថ្មីៗ ដែលមានតម្លៃសមរម្យ កាន់តែច្រើនឡើងនៅកោះបាលី ដើម្បីបំពេញឱ្យទាន់តម្រូវការរបស់អ្នកវិនិយោគ។
យោងតាមរបាយការណ៍បានបង្ហាញថា លំនៅដ្ឋានសម្រាប់អ្នកទិញផ្ទះ លើកដំបូងនៅកោះបាលី មានតម្លៃចាប់ពី១៣០.០០០ដុល្លារអាមេរិកឡើងទៅ ដោយសារអ្នកអភិវឌ្ឍន៍បានកំណត់គោលដៅ ជាចម្បងទៅលើអ្នកទិញ ក្នុងគោលបំណងបែបវិនិយោគ៕ប្រភព:SCMP៕