ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារលំនៅដ្ឋាននៅប្រទេសឥណ្ឌា បានបង្ហាញភាពធន់គួរឱ្យកត់សម្គាល់ ក្រោយជំងឺរាតត្បាត ដែលជំរុញដោយកំណើនតម្រូវការឆាប់រហ័ស និងក្តីប្រាថ្នាចង់ទិញផ្ទះ ប៉ុន្តែមានតែផ្នែកលំនៅដ្ឋានប្រណីតប៉ុណ្ណោះ ដែលស្ទុះងើបឡើងវិញខ្លាំងជាងគេ។
ចំណែកនៃការលក់ផ្ទះប្រណីតនៅក្នុងប្រទេសឥណ្ឌាបានកើនឡើង៣ដងក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។ នេះបើយោងតាមរបាយការណ៍ពីក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Anarock Group។
-->
ការលក់ផ្ទះប្រណីត ដែលត្រូវបានចាត់ថ្នាក់ជាប្រភេទផ្ទះដែលមានតម្លៃលើសពី១៧៩.៦៥០ដុល្លារ គ្របដណ្តប់ចំនួន២១% នៃការលក់ផ្ទះទាំងអស់នៅទូទាំងទីក្រុងធំៗចំនួន៧របស់ឥណ្ឌានៅក្នុងត្រីមាសទី១ ឆ្នាំនេះ។
ជាពិសេស ការលក់ផ្ទះប្រណីតបានវ៉ាដាច់ការលក់ផ្ទះដែលមានតម្លៃសមរម្យទៅទៀត។ តួយ៉ាង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ចំណែកនៃការលក់ផ្ទះដែលមានតម្លៃសមរម្យបានធ្លាក់ចុះពី៣៧% មកនៅត្រឹម១៨%ប៉ុណ្ណោះ។
ចំណែកឯ ការលក់ផ្ទះដែលមានតម្លៃមធ្យម(mid-range) និងផ្ទះប្រភេទ premium ដែលមានតម្លៃចន្លោះពី៤៧.៩០៤ដុល្លារ ទៅ១៧៩.៦៤២ដុល្លារ នៅតែជាផ្នែកដ៏លេចធ្លោ ដែលគ្រប់គ្រងចំណែកនៃការលក់ជិត៥៩% ។
លោកស្រី Shalin Raina នាយកគ្រប់គ្រងសេវាលំនៅដ្ឋាននៅក្រុមហ៊ុន Cushman & Wakefield បានលើកឡើងថា “ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ ការកើនឡើងគួរឱ្យកត់សម្គាល់នៃតម្រូវការអចលនទ្រព្យលំដាប់ខ្ពស់ និងប្រណីតបានលេចឡើងទាំងកម្រិតថ្នាក់ជាតិ និងកម្រិតក្នុងតំបន់មូលដ្ឋាន”។
លោកស្រីបន្ថែមថា “និន្នាការនេះឆ្លុះបញ្ចាំងឱ្យឃើញពីការផ្លាស់ប្តូរនៃបំណងប្រាថ្នារបស់អ្នកទិញផ្ទះ ក្នុងការវិនិយោគលើកន្លែងមួយ មិនត្រឹមតែដើម្បីរស់នៅប៉ុណ្ណោះទេ ប៉ុន្តែក៏ជាទ្រព្យសម្បត្តិដែលមានគុណភាពខ្ពស់ និងមានរបៀបរស់នៅល្អបំផុត”៕ប្រភព: The Economic Times៕