ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យនៅតំបន់អាស៊ាន ហាក់កំពុងបង្ហាញសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីជួបប្រទះបញ្ហាប្រឈមជាច្រើនដូចជា ការធ្លាក់ចុះនៃកំណើនសេដ្ឋកិច្ចសកល ឥទ្ធិពលនៃវិបត្តិអចលនទ្រព្យចិន ការដំឡើងអត្រាការប្រាក់ដោយធនាគារកណ្តាលធំៗនៅលើពិភពលោក។
ក្នុងនោះទីផ្សារអចលនទ្រព្យពាណិជ្ជកម្មដូចជាការិយាល័យជាដើមបានស្ទុះងើបឡើងវិញយឺតសន្សឹមៗក្រោយពីបណ្តាក្រុមហ៊ុនបរទេសធំៗបានសម្រុកបើកអាជីវកម្មរបស់ពួកគេនៅតំបន់អាស៊ានដើម្បីងាកចេញពីប្រទេសចិនដែលកំពុងជាប់ផុងក្នុងការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយជាមួយសហរដ្ឋអាមេរិក។
-->

ខាងក្រោមនេះ ជាស្ថានភាពតម្លៃទីផ្សារការិយាល័យ ក្នុងទីក្រុងចំនួន៣ របស់តំបន់អាស៊ាន គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤៖
ទី១: ទីក្រុងសិង្ហបុរី
ថ្លៃជួលការិយាល័យកម្រិតA ជាមធ្យមក្នុងមួយខែនៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងសិង្ហបុរី បានកើនឡើង០,៥% ដល់១១,៦៣ដុល្លារសិង្ហបុរី (ប្រហែល៨,៦៦ដុល្លារអាមេរិក)ក្នុងមួយហ្វីតការ៉េ (ប្រមាណ៩៣,២២ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ) បន្ទាប់ពីសម្រេចបានកំណើន០,៧% នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Colliers ។
ចំណែក អត្រាការិយាល័យទុកទំនេរចោល គ្មានអ្នកជួលនៅតំបន់ខាងលើដដែល បានធ្លាក់ចុះពី២,៦ភាគរយក្នុងត្រីមាសទី១ មកនៅត្រឹម២,៣ភាគរយក្នុងត្រីមាសទី២ ខណៈអគារការិយាល័យ សម្រាប់ដាក់លក់មានតម្លៃ ជាមធ្យមចំនួន២.២៧០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ(ប្រមាណ២៤.៤៣៥ដុល្លារក្នុងមួយម៉ែត្រការ៉េ)។

ទី២: ទីក្រុងហ្សការតា ប្រទេសឥណ្ឌូនេស៊ី
ថ្លៃជួលការិយាល័យកម្រិតA នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងហ្សាការតា បានធ្លាក់ចុះ១,៨៣%ដល់១៣,០៧ដុល្លារ ក្នុងមួយហ្វីតការ៉េ (ប្រមាណ១៤០,៧ដុល្លារក្នុងមួយម៉ែត្រការ៉េ)ក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Collierដដែល។
ចំណែក អត្រាការិយាល័យ ដែលគេទុកទំនេរចោលគ្មានអ្នកជួល បានធ្លាក់ចុះ២,៣៨ភាគរយ មកនៅត្រឹម២៤,៥ភាគរយក្នុងត្រីមាសទី២ ខណៈអគារការិយាល័យសម្រាប់ដាក់លក់មានតម្លៃជាមធ្យម ចំនួន៣.០៤០ដុល្លារអាមេរិក ក្នុងមួយហ្វីតការ៉េ(ប្រមាណ៣២.៧១៥ដុល្លារក្នុងមួយម៉ែត្រការ៉េ)។
ទី៣: ទីក្រុងគូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី
ថ្លៃជួលការិយាល័យកម្រិតA នៅតំបន់ពាណិជ្ជកម្មកណ្តាល(CBD) ក្នុងទីក្រុងគូឡាឡាំពួរ បានកើនឡើងដល់១,៤៧ដុល្លារក្នុងមួយហ្វីតការ៉េ (ប្រមាណ១៥,៨២ដុល្លារក្នុងមួយម៉ែត្រការ៉េ)ក្នុងមួយខែ។ នេះបើយោងតាមរបាយការណ៍របស់ក្រុមហ៊ុន Cushman& Wakefield។
ចំណែក អត្រាការិយាល័យទំនេរ គ្មានអ្នកជួលបានកើនឡើងដល់២៧,៥ភាគរយ ខណៈដែលការផ្គត់ផ្គង់ការិយាល័យដែលមានស្រាប់ នៅក្នុងស្តុក(Inventory)មានទំហំចំនួនជាង៥,៦៤លានម៉ែត្រការ៉េ៕ប្រភព: Edgeprop៕