ថៃប្រកាសសាងសង់ផ្លូវក្រោម​ដី​នៅទីក្រុងបាងកក ក្រោមទុនវិនិយោគជិត១,៤ពាន់លានដុល្លារ

ចែករំលែក

ដោយ: គង់ លាងហួរ

បាងកក: អាជ្ញាធរ​ផ្លូវ​ល្បឿន​លឿន​ថៃ (EXAT) បាន​ប្រកាស​គម្រោង​សាងសង់ផ្លូវ​ក្រោម​ដី ​នៅរាជធានីបាងកក ក្នុងទំហំទុនវិនិយោគចំនួន៥០ពាន់​លាន​បាត (ប្រ​ហែល១,៣៨ពាន់លានដុល្លារ)។ នេះបើយោងតាមសារពត៌មាន Thaiger។

គម្រោងផ្លូវក្រោមដីនេះ គ្រោងតភ្ជាប់​រវាងសង្កាត់Kaset និងសង្កាត់Ngamwongwan ខណៈអាជ្ញាធរគ្រោងប្រមូលមតិផ្សេងៗ ពីសាធារណៈ​ជន លើការអភិវឌ្ឍន៍គម្រោងនេះ ដើម្បីយកទៅពិចារណា និងធ្វើការវាយតម្លៃផលប៉ះពាល់នានា។

លោក Surachet Laophulsuk ប្រធានអាជ្ញាធរ​ផ្លូវ​ល្បឿន​លឿន​ថៃបានលើកឡើងថា “យើងគ្រោងបញ្ចប់ការសិក្សាលទ្ធភាពលើការសាងសង់ គម្រោងប្រព័ន្ធផ្លូវល្បឿនលឿនភាគខាងជើង នាដំណាក់កាលទី៣ នៅក្នុងឱកាសនៃការបើកវេទិកាជជែកដេញដោលជាសាធារណៈលើកទី៣”។

គម្រោងផ្លូវក្រោមដី ដែលមានចម្ងាយប្រវែង៦,៧គីឡូម៉ែ ត្រនេះ នឹងមានចំណុចចាប់ផ្តើម នៅត្រង់ចំណុចប្រសព្វរវាងផ្លូវល្បឿនលឿន Sri Rat Expressway និងផ្លូវ Ngamwongwan Road ដោយឆ្លងកាត់ផ្លូវប្រសព្វ Phong Phet ផ្លូវ Vibhavadi Rangsit និងផ្លូវប្រសព្វ Kaset Intersection រួចបន្តទៅកាន់ផ្លូវ Prasert-Manukit និងតភ្ជាប់បន្តទៀតទៅកាន់កំណាត់លេខ២(N2) នៃគម្រោងផ្លូវល្បឿនលឿនភាគខាងជើងនាដំណាក់កាលទី៣ (Northern Expressway Phase 3)។

លោក Surachet បានគូសបញ្ជាក់ដាច់ដោយឡែកថា កំណាត់ N2 នៃគម្រោងផ្លូវក្រោមដី ភាគខាងជើងដំណាក់កាលទី៣ ដែលនឹងចាប់ផ្តើមសាងសង់ ចេញពីចំណុចផ្លូវ Prasert-Manukit ឆ្ពោះទៅកាន់ភាគខាងកើត នៃផ្លូវក្រវ៉ាត់ក្រុងបាងកក មានចម្ងាយប្រវែង១១,៣គីឡូម៉ែត្រ និងត្រូវការទុនវិនិយោគប្រមាណ១៦,៩៦ពាន់លានបាត។

ការប្រកាសសាងសង់ផ្លូវរូងក្រោមដីថ្មីនេះ មានគោលបំ​ណងកាត់បន្ថយការកកស្ទះចរាចរណ៍ នៅទីក្រុងបាងកកដោ​យ​ផ្តល់នូវការធ្វើដំណើរកាន់តែមានប្រសិទ្ធភាពនិងកាត់បន្ថយពេលវេលាធ្វើដំណើរយ៉ាងច្រើន។

គំនិតផ្តួចផ្តើមនេះ មានទិសដៅស្របតាមគោលបំណងនៃការពង្រឹងហេដ្ឋា រចនាសម្ព័ន្ធរបស់ទីក្រុងបាងកក ដើម្បីសម្របតាមកំណើនប្រជាជន និងការអភិវឌ្ឍន៍ទីក្រុង៕ប្រភព: Thaiger​​៕


ចែករំលែក