ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមអ្នកវិភាគលើកឡើងថា អ្នកបើកអាជីវកម្មលក់រាយនៅទីក្រុងប៉េកាំង កំពុងពិបាកទប់ទល់នឹងកំណើនតម្លៃជួលតូបនៅតាមផ្សារទំនើបនានា ស្របពេលប្រជាជនចិនកាត់បន្ថយការចំណាយលើការប្រើប្រាស់ ដែលធ្វើឱ្យតូប–ហាងនានាលក់ដូរពុំសូវកាក់កប។
លោក Sun Tin នាយក និងជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន CBRE North China បានលើកឡើងថា “អ្នកបើកអាជីកម្មលក់រាយ នៅតាមផ្សារទំនើបជាច្រើន បានប្រតិកម្មយ៉ាងខ្លាំង ចំពោះការដំឡើងថ្លៃជួលតូប នៅក្នុងបរិបទមួយ ដែលសេដ្ឋកិច្ចចិនកំពុងជាប់គាំង ស្របពេលម្ចាស់អគារផ្សារទំនើបត្រូវបង្ខំចិត្តសម្របសម្រួលចរចារ លើលក្ខខណ្ឌជួលរបស់ខ្លួនពីមុន”។
-->
លោក Sun បានបន្ថែមថា “កាលណាប្រាក់ចំណេញដុលរបស់អ្នកជួលកើនឡើង នោះពួកគេនឹងអាចមានសមត្ថភាពកាន់តែខ្ពស់ ក្នុងការបង់ថ្លៃជួលតូប។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ ម្ចាស់អគារផ្សារទំនើប ពិបាកស្វែងរកអ្នកជួលតូប ដែលមានប្រាក់ចំណូលខ្ពស់ ហើយវានឹងក្លាយជាបញ្ហាប្រឈមដ៏ធំមួយនៅឆ្នាំនេះ”។

យោងតាមទិន្នន័យពីក្រុមហ៊ុន ផ្តល់សេវាកម្មប្រឹក្សាអចលនទ្រព្យ Jones Lang LaSalle(JLL) បានអះអាងថា អ្នកបើកអាជីវកម្មលក់រាយជាច្រើន កំពុងពិបាករកប្រាក់ចំណូល ដើម្បីបង់ថ្លៃជួលតូបនៅតាមផ្សារទំនើបនានា បើទោះបីជាថ្លៃជួលជាមធ្យមធ្លាក់ចុះអស់១៧ភាគរយ បើធៀបនឹងកម្រិតកំពូលមុនផ្ទុះការរាតត្បាតនៃជំងឺកូវីដ–១៩យ៉ាងណាក្តី។
នៅត្រីមាសទី២ ឆ្នាំ២០២៤ ថ្លៃជួលទីតាំងលក់រាយជាមធ្យមនៅទូទាំងទីក្រុងប៉េកាំង បានស្ទុះងើបឡើងវិញ បើធៀបនឹងឆ្នាំ២០២៣ ដោយតម្លៃជួលប្រចាំខែ ក្នុងរដ្ឋធានីមួយនេះបានកើនឡើង០,៩ភាគរយ ដល់៧៧១យ័ន(ប្រហែល១០៦,២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ បើធៀបនឹងត្រីមាសទី១កន្លងទៅ។ នេះបើយោងតាមរបាយការណ៍ ដែលបានចេញផ្សាយដោយក្រុមហ៊ុន JLLដដែល។
ថ្លៃជួលតូបលក់រាយនៅតាមផ្សារទំនើប ដែលគ្របដណ្តប់ចំណែកប្រហែល៣០ភាគរយ នៃថ្លៃចំណាយសរុបរបស់អ្នកបើកអាជីវកម្មលក់រាយ នៅតែមានកម្រិតខ្ពស់ បើទោះបីជាសេដ្ឋកិច្ចកំពុងមានស្ថានភាពមិនសូវល្អ ហើយជាធម្មតា កិច្ចសន្យាជួលមានរយៈពេល៣ឆ្នាំ៕ប្រភព: SCMP៕