ដោយៈ និស្ស័យ
ភ្នំពេញៈ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ –ក្រុងសៀមរាប–ប៉ោយប៉ែត មានប្រវែងផ្លូវសរុបប្រមាណ៤២០គ.ម គ្រោងចំណាយប្រាក់ រហូតដល់៤២០០លានដុល្លារអាមេរិក។
ផ្លូវល្បឿនលឿនទី៣ នៅកម្ពុជានេះ មានចំណុចចាប់ផ្តើមពីភាគខាងជើង(មហាវិថីឈ្នះឈ្នះ) រាជធានីភ្នំពេញ និងចំណុចបញ្ចប់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ព្រំដែនកម្ពុជា–ថៃ)ដោយឆ្លងកាត់ រាជធានីភ្នំពេញ ប្រវែង៣គ.ម ខេត្តកណ្ដាល ១៨គ.ម ខេត្តកំពង់ចាម៤៣ គ.ម (ផ្លូវប្តូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១) ខេត្តកំពង់ធំ១៣១គ.ម (ផ្លូវប្តូរទិសចរាចរណ៍ ៣ តំបន់ផ្តល់សេវាកម្ម ៤) ខេត្តសៀមរាប១៣០គ.ម (ផ្លូវប្តូរទិសចរាចរណ៍៥តំបន់ ផ្តល់សេវាកម្ម១ចំណតរថយន្ត១)។
-->

ឆ្លងកាត់ខេត្តបន្ទាយមានជ័យ៩៥គ.ម (ផ្លូវប្ដូរទិសចរាចរណ៍១ តំបន់ផ្តល់សេវាកម្ម១ ចំណតរថយន្ត ១)។ សរុបមានផ្លូវប្តូរទិស១០កន្លែង សេវាកម្ម៧កន្លែង និងចំណតរថយន្ត២កន្លែង)។
មកទល់ពេលនេះ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ –ក្រុងសៀមរាប –ប៉ោយប៉ែត ក្រុមហ៊ុនសាងសង់បានសិក្សា និងបញ្ចប់ការរាប់ចំនួន និងទិសដៅចរាចរណ៍ការ (Traffic volume survey) សិក្សាជលសាស្ត្រ (Hydrological survey) ការសិក្សាភូគព្ភសាស្ត្រ (Geotechnical survey) ការសិក្សាវាស់ស្ទង់ (Topographi cal survey) ការសិក្សាវាស់ស្ទង់វត្ថុបុរាណ និងធនធានធម្មជាតិ (cultural relics and nature reserves survey)។
បច្ចុប្បន្នក្រុមហ៊ុន បាននិងកំពុងសិក្សារៀបចំបូកសរុបវាយតម្លៃសន្និដ្ឋាន នៅការិយាល័យ នឹងអាចដាក់ជូនរាជរដ្ឋាភិបាលពិនិត្យនាពេលនាខាងមុខ។

ក្រុមហ៊ុនCRBC ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យវិនិយោគសាងសង់ គម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងសៀមរាប–ប៉ោយប៉ែត ដោយហេតុថា ក្រុមហ៊ុនមានបទពិសោធន៍ និងទទួលស្គាល់ជាអន្តរជាតិលើការសិក្សា និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធធំៗ ក៏ដូចជាមានបទពិសោធន៍សាងសង់ និងធ្វើអាជីវកម្ម លើគម្រោងផ្លូវល្បឿនលឿនភ្នំពេញ– ក្រុងព្រះសីហនុ ព្រមទាំងបាន និងកំពុងវិនិយោគសាងសង់ ផ្លូវល្បឿនលឿនរាជធានីភ្នំពេញ–ក្រុងបាវិតផងដែរ។
ជាបច្ចេកទេសផ្លូវនេះដូចគ្នា និងគម្រោងផ្លូវល្បឿនលឿនទាំង រាជធានីភ្នំពេញ–ក្រុងព្រះសីហនុ និងរាជធានីភ្នំពេញ–ក្រុងបាវិត ដោយផ្លូវចែកជាបួនគន្លង ក្រាលបេតុងកៅស៊ូ (AC) ទទឹងតួផ្លូវ ២៤,៥ម. មានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន៤គន្លង(២គន្លងទៅ២គន្លងមក) ទទឹង៣,៧៥ម។ សួនចែកទិសចរាចរណ៍នៅចំកណ្ដាលទ្រូងផ្លូវទទឹង៣ម. គន្លងផ្លូវឈប់បន្ទាន់ទទឹង ២,៥ម. និងចិញ្ចើមផ្លូវទទឹង០,៧៥ម. ដោយបានសិក្សាល្បឿន ១០០ ទៅ១២០គ.ម ក្នុងមួយម៉ោង។

គម្រោងនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយគម្រោងជំហាន១ តភ្ជាប់ពីរាជធានីភ្នំពេញ–សៀមរាប ប្រវែង២៤៩គ.ម ចំណាយថវិកាប្រមាណ២.៥ប៊ីលាន។ ជំហាន២ សៀមរាប-ប៉ោយប៉ែត ប្រវែង១៥១គ.ម ចំណាយថវិកាប្រមាណ១.៧ប៊ីលាន៕