ដោយ: គង់ លាងហួរ
បាងកក: បណ្តាម្ចាស់អគារការិយាល័យ នៅទីក្រុងបាង កក បានចាប់ផ្តើមប្រើប្រាស់យុទ្ធសាស្រ្តតម្លៃ ដើម្បីទាក់ទាញអ្នកជួលថ្មី ស្របពេលក្រុមហ៊ុនចម្រុះ ជាតិសាសន៍ជាច្រើនកំពុងសម្រុក បើកសាខារបស់ពួកគេនៅក្នុងប្រទេសថៃ។
លោក Panya Jenkitvathanalert ប្រធានទីភ្នាក់ងារការិយា ល័យរបស់ក្រុមហ៊ុន Knight Frank Thailand បានលើកឡើងថា ការប្រកួតប្រជែងតម្លៃ នៅក្នុងតំបន់ Rama IV មានស្ថានភាពពុះកញ្ជ្រោលខ្លាំង ខណៈគម្រោងអគារ One Bangkok គ្រោងនឹងបើកដំណើរការពេញលេញនៅចុងឆ្នាំនេះ។
-->
គម្រោងអគារប្រើប្រាស់ចម្រុះ One Bangkok គឺជាការបណ្តាក់ទុនរួមគ្នា រវាងក្រុមហ៊ុនTCC Assets និងក្រុមហ៊ុន Frasers Property Holdings ដែលគ្រោងផ្គត់ផ្គង់ការិយាល័យថ្មីទំហំ៥០០.០០០ម៉ែត្រការ៉េចូលទៅកាន់ទីផ្សារ។
លោកបានបន្តថា ទាំងអគារការិយាល័យថ្មី និងអគារដែលមានស្រាប់នៅក្នុងតំបន់ Rama IV នេះ កំពុងបញ្ចុះតម្លៃជួល ដើម្បីទាក់ទាញអតិថិជនថ្មី ឱ្យចុះកិច្ចសន្យា និងបន្តកិច្ចសន្យាជួល មុនពេលអគារ One Bangkok បើកដំណើរការពេញលេញនៅចុងឆ្នាំ២០២៤។
លោក Panya បានបន្ថែមថា អគារ One Bangkok អាចនឹងគ្របដណ្តប់ទីផ្សារជួលការិយាល័យ នៅក្នុងតំបន់នេះ ដោយ សារតែអគារនេះផ្តោតលើនិរន្តរភាព ព្រោះក្រុមហ៊ុនបរទេសធំៗ ក៏កំពុងស្វែងរកការិយាល័យ ដែលស្របតាមស្តង់ដារអន្តរជាតិ មានភាពងាយស្រួល សុវត្ថិភាព ជាមួយនឹងបច្ចេកវិទ្យាទំនើប និងលើកកម្ពស់សុខុមាលភាពរបស់អ្នកជួល”។
ទោះជាយ៉ាងណាក្តី ជម្រើសការិយាល័យ បានកើនឡើងកាន់តែច្រើនសម្រាប់អតិថិជន។ ឧទាហរណ៍ ការជួលការិយា ល័យនៅអគារ One City Center ស្ថិតនៅលើផ្លូវ Ploenchit មានតម្លៃជាមធ្យមត្រឹមតែ១.៥០០បាតក្នុងមួយម៉ែត្រការ៉េ។
អគារ One City Center ជាគម្រោងរបស់ក្រុមហ៊ុន Raimon Land Plc និងជាអគារការិយាល័យខ្ពស់ជាងគេ នៅប្រទេសថៃ ដែលមានកម្ពស់២៧៥,៧៦ម៉ែត្រ។
ស្របពេលជាមួយគ្នានេះដែរ ក្រុមហ៊ុន Central Pattana Plc កំពុងត្រៀមបើកអគារការិយាល័យទី១១ របស់ខ្លួនគឺអគារ Central Park Offices នៅគម្រោងប្រើប្រាស់ចម្រុះ Dusit Central Park ក្នុងត្រីមាសទី២នៃឆ្នាំក្រោយ។ អគារនេះនឹងមាន ការិយាល័យទំហំ៦០.០០០ម៉ែត្រការ៉េ សម្រាប់ជួលក្នុងតម្លៃចាប់ពី១.៤០០បាត ទៅ១.៥០០ក្នុងមួយម៉ែត្រការ៉េ៕ប្រភព: The Nation៕