ភ្នំពេញៈ ថ្នាក់ដឹកនាំក្រុមហ៊ុនAspen Mediacal បានបង្ហាញពីបំណងស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើវិស័យសុខាភិបាល។
ព័ត៌មាននេះត្រូវបានលើឡើង ក្នុងជំនួបរវាងលោកសាស្ត្រាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការក្រសួងសុខាភិបាល ក្នុងឱកាសទទួលជួបប្រជុំពិភាក្សាការងារជាមួយ លោកGlenn KEYS អគ្គនាយកប្រតិបត្តិការក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី និងលោកស្រី Carolyn BAGSTER លេខាទី១ និងជាប្រធានការិយាល័យទំនាក់ទំនងពាណិជ្ជកម្ម និងការវិយោគ ព្រមទាំងមន្រ្តី នៃស្ថានទូតអូស្ត្រាលី ប្រចាំព្រះរាជាណាក្រកម្ពុជាកាលពីថ្ងៃទី១៧ កក្កដាកន្លងមកនេះ។
ជំនួបនេះធ្វើឡើង ក្នុងគោលបំណងស្វែងយល់ និងពិភាក្សាជម្រុញកិច្ចសហប្រតិបត្តិការទ្វេភាគី និងឱកាសចូលរួមជំនួយពីក្រុមហ៊ុន Aspen Medical លើវិស័យសុខាភិបាល ក្នុងប្រទេសកម្ពុជា។
សារៈសំខាន់នៃជំនួបរបស់ក្រុមហ៊ុន Aspen Medical នៅប្រទេសអូស្ត្រាលី គឺស្វែងយល់ពីតម្រូវការអភិវឌ្ឍន៍នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីពិនិត្យឱកាសធ្វើវិនិយោគ និងចូលរួមចំណែកជាមួយសុខាភិបាលកម្ពុជា លើការខិតខំសម្រេចអោយបាននូវអាទិភាពចម្បងៗដូចជា ការអភិវឌ្ឍន៍ធនធានមនុស្ស ទំនើបកម្មសម្ភារៈបរិក្ខាវេជ្ជសាស្ត្រ ការបណ្តុៈបណ្តាលជំនាញឯកទេសផ្សេងៗដូចជា ផ្នែកមហារីក ផ្នែកវះកាត់បេះដូង ផ្នែកបច្ចេកវិទ្យាឌីជីថលវេជ្ជសាស្ត្រ ជាដើម។
កិច្ចប្រជុំនេះក៏មានការចូលរួមពី លោកអនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេសសុខាភិបាល អនុប្រធាននាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសម្អាង និងក្រុមការងារសហប្រតតបត្តិការអន្តរជាតិ៕
ដោយៈ គង់ សូរិយា