អន្តរជាតិ: យោងតាមទិន្នន័យពីការិយាល័យស្ថិតិជាតិចិន (NBS) បានបង្ហាញឱ្យដឹងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើង ក្នុងអត្រាប្រចាំឆ្នាំចំនួន៥ភាគរយ នៅក្នុងឆមាសទីមួយនៃឆ្នាំ២០២៤នេះ។
ប្រភពទិន្នន័យដដែលបានបង្ហាញទៀតថា ទំហំផលទុនជាតិសរុប(GDP) របស់ប្រទេសចិន សម្រេចបានទំហំទឹកប្រាក់ប្រមាណ៦១,៦៨ទ្រីលានយ័ន (ប្រហែល៨,៦៥ទ្រីលានដុល្លារអាមេរិក) នៅក្នុងឆមាសទីមួយកន្លងទៅ។
-->
ការិយាល័យ NBS បានគូសបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “សេដ្ឋកិច្ចជាតិចិន បានបន្តមានភាពប្រសើរឡើងក្នុងឆមាសទីមួយ ក្នុងកម្រិតស្ថិរភាព” ដោយលើកឡើងពីការលើកទឹកចិត្តផ្នែកគោលនយោបាយ ការស្ទុះងើបឡើងវិញនៃតម្រូវការខាងក្រៅ និងការអភិវឌ្ឍន៍កម្លាំងផលិតភាពថ្មីប្រកបដោយគុណភាពខ្ពស់។

យោងតាមការិយាល័យ NBS បានឱ្យដឹងថា កំណើនឧស្សាហកម្មបន្ទាប់បន្សំ នៅប្រទេសចិនបានកើនឡើង៥,៨ភាគរយនៅក្នុងឆមាសទី១ ខណៈកំណើនឧស្សាហកម្មបឋមបានកើនឡើង៣,៥ភាគរយ។ រីឯ កំណើននៅក្នុងវិស័យសេវាកម្មវិញ បានកើនឡើង៤,៦ភាគរយ។
ឧស្សាហកម្មបឋម ជាប្រភេទឧស្សាហកម្មនៃការជីកយករ៉ែ ការធ្វើកសិកម្ម ឬការគ្រប់គ្រងព្រៃឈើ តាមរយៈការទទួលបាន ការផ្គត់ផ្គង់ ឬការផ្តល់វត្ថុធាតុដើមធម្មជាតិ។ ចំណែកឯ ឧស្សាហកម្មបន្ទាប់បន្សំ គឺជាប្រភេទឧស្សាហកម្ម ដែលបំប្លែងវត្ថុធាតុដើម ដែលផ្តល់ដោយឧស្សាហកម្មបឋម ទៅជាទំនិញ និងផលិតផលសម្រាប់លក់ឱ្យអ្នកប្រើប្រាស់។
ទន្ទឹមនឹងនេះ ការប្រើប្រាស់របស់ប្រជាជនចិន បានបន្តដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចចិន ដោយក្នុងនោះ ការប្រើប្រាស់ចុងក្រោយ បានចូលរួមចំណែកដល់៦០,៥ភាគរយ នៃទំហំសេដ្ឋកិច្ចចិន នៅក្នុងឆមាសទីមួយ និងចូលរួមចំណែក៣ភាគរយដល់កំណើន GDP។

យ៉ាងណាមិញ អត្រាអ្នកអត់ការងារធ្វើ នៅតាមទីក្រុងរបស់ប្រទេសចិន បានស្ថិតក្នុងរង្វង់៥,១ភាគរយ នៅក្នុងឆមាសទីមួយឆ្នាំ២០២៤ ដោយធ្លាក់ចុះ០,២ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ការិយាល័យស្ថិតិជាតិចិន បានអះអាងបន្ថែមថា កំណើនសេដ្ឋកិច្ចនេះ សម្រេចបានយ៉ាងលំបាក ដោយសារតែប្រទេសចិនបានប្រឈមមុខ នឹងភាពមិនច្បាស់លាស់ពីបរិយាកាសខាងក្រៅដែលមានភាពស្មុគស្មាញ និងមានសភាពធ្ងន់ធ្ងរ គួបផ្សំនឹងបញ្ហាប្រឈមថ្មីៗ ដែលកើតចេញពីការកែសម្រួលរចនាសម្ព័ន្ធនៅក្នុងស្រុក៕ប្រភព: Gov.CN៕
ដោយ: គង់ លាងហួរ