ការវិនិយោគលើផលិតកម្មឧស្ម័ននៅឈូងសមុទ្រក្នុងតំបន់អាស៊ាននឹងហក់ឡើងខ្ពស់

0

អន្តរជាតិ: ការបណ្តាក់ទុនវិនិយោគ លើវិស័យផលិតកម្មឧស្ម័ន នៅឈូងសមុទ្រក្នុងតំបន់អាស៊ាន កំពុងឆ្ពោះទៅសម្រេ​ចបាន ទំហំទឹកប្រាក់១០០ពាន់លានដុល្លារអាមេរិក។

ផែនការវិនិយោគជាច្រើន គ្រោងនឹងចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ២០២៨​។ នេះបើយោងតាមការព្យាករណ៍ របស់ទីភ្នាក់ងារស្រាវជ្រាវធុរកិច្ចឯករាជ្យ ​​Rystad Energy។

ទីភ្នាក់ងារ ដែលមានមូលដ្ឋាននៅទីក្រុងអូស្លូ ប្រទេសន័រវេសខាងលើ បានគូសបញ្ជាក់ថា “ការព្យាករណ៍ទំហំទឹកប្រាក់វិនិយោគ១០០ពាន់លានដុល្លារនេះ តំណាងឱ្យការកើនឡើងជាង២ដង បើប្រៀបធៀបនឹងការវិនិយោគ លើការផលិតឧស្ម័ននៅឈូងសមុទ្រ នៅតំបន់អាស៊ាន ដែលមានទំហំទឹកប្រាក់៤៥ពាន់លានដុល្លារអាមេរិក ចន្លោះពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២៣”។

ទីភ្នាក់ងារបានរាយការណ៍ឱ្យដឹងបន្តទៀតថា “កំណើនយ៉ាងគំហុកនេះ នឹងត្រូវបានជំរុញដោយគម្រោង ខួងអណ្តូងឧស្ម័នទឹកជ្រៅ ការរកឃើញប្រភពឧស្ម័នថ្មីៗ នៅក្នុងប្រទេសឥណ្ឌូនេស៊ី និងប្រទេសម៉ាឡេស៊ី និងការរីកចំរើននៃការចាប់យក និងការស្តុកទុកកាបូនឌីអុកស៊ីត ឬហៅកាត់ថា(CCS)”។

ទីភ្នាក់ងារ Rystad Energy បានព្យាករណ៍ថា បណ្តាក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតសកលធំៗ នឹងចូលរួមចំណែក២៥% នៃផែនការវិនិយោគសរុប លើការផលិតឧស្ម័ន ដែលបានគ្រោងទុកនៅតំបន់អាស៊ាន រហូតដល់ឆ្នាំ២០២៨ ខណៈបណ្តាក្រុមហ៊ុនប្រេងជាតិ ក្នុងស្រុករបស់អាស៊ាន (NOCs) នឹងមានចំណែក៣១%។

ប្រភពដដែលបានបន្តថា រាល់ការពិភាក្សាគ្នា ក្នុងចំណោមបណ្តាប្រទេសសមាជិកអាស៊ាន បានផ្តោតជាសំខាន់លើអនា​គតនៃការអភិវឌ្ឍន៍ផលិតកម្មក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែករបស់ពួកគេ លើការនាំចូលឧស្ម័ន ខណៈសន្តិសុខថាម​ពលបានក្លាយជាក្តីបារម្ភ កាន់តែខ្លាំងឡើងសម្រាប់រដ្ឋាភិបាលក្នុងតំបន់អាស៊ាន។

ដើម្បីរក្សាតុល្យភាពសន្តិសុខថាមពល  និងនិរន្តរភាពបរិស្ថាន បណ្តាប្រទេសនានាអាចផ្តល់អាទិភាព ដល់ការប្រើប្រាស់ធនធាន ក្នុងស្រុកសម្រាប់ការផលិតឧស្ម័ន រួមទាំងការបង្កើតគោលនយោបាយ និងការលើកទឹកចិត្ត ក្នុងគោលដៅលើកកម្ពស់ការអនុវត្តន៍ គម្រោងប្រកបដោយនិរន្តរភាព និងជំរុញសន្តិសុខថាមពលក្នុងតំបន់៕ប្រភព: The edge malaysia៕

ដោយ: គង់ លាងហួរ

LEAVE A REPLY

Please enter your comment!
Please enter your name here