អន្តរជាតិ: ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស Chin Hin Group Property Bhd បានបង្ហាញគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានដំបូងរបស់ខ្លួន ដែលមានឈ្មោះថា “Crown Penang”ស្ថិតនៅក្នុងទីក្រុងមួយនៃរដ្ឋ Penang ប្រទេសម៉ាឡេស៊ី។
យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា គម្រោងលំនៅដ្ឋាននេះ ត្រូវបានអភិវឌ្ឍន៍រួមគ្នា ដោយក្រុមហ៊ុនបុត្រសម្ព័ន្ធ Stellar Platinum ក្រុមហ៊ុន Thirupathi Capital និងក្រុមហ៊ុន Ivory Meadows។
គម្រោងលំនៅដ្ឋាន Crown Penang លាតសន្ធឹងនៅលើផ្ទៃដីទំនេរទំហំ០,៨១ហិកតា ស្ថិតនៅតំបន់ជាយក្រុង George Town ក្នុងរដ្ឋ Penang ដែលជាដែនកោះមួយ ក្នុងចំណោមដែនកោះជាច្រើនទៀត នៅក្នុងប្រទេសម៉ាឡេស៊ី។
-->

គម្រោងនេះមានលំនៅដ្ឋានសរុបចំនួន៥៨៨យូនីត ដោយក្នុង១យូនីត មានទំហំចាប់ពី៦១៤ហ្វីតការ៉េ ទៅ១.៨៥១ហ្វីតការ៉េ និងមានតម្លៃចាប់ពីជាង១៥ម៉ឺនដុល្លារក្នុងមួយយូនីត។ អ្នករស់នៅក្នុងគម្រោង Crown Penang នឹងអាចទទួលបានសកម្មភាពកំសាន្តនានាដូចជា កន្លែងមើលទេសភាព នៅលើដំបូលអគារ កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់លេងហ្គេម និងសួនកុមារជាដើម។
គម្រោងបែបលំនៅដ្ឋានមួយនេះ ក៏ផ្តល់ភាពងាយស្រួលសម្រាប់ការធ្វើដំណើរ ព្រោះគម្រោងនេះ មានទីតាំងនៅជិតមហាវិថីធំៗ ដូចជាផ្លូវក្រវ៉ាត់ក្រុងPenang និងតំបន់ទេសចរណ៍បេតិកភណ្ឌដែលស្ថិតនៅជិតនោះផងដែរ។
គម្រោងអភិវឌ្ឍនេះ ក៏មានទីតាំងនៅជិតមន្ទីរពេទ្យជាច្រើនដូចជាមន្ទីរពេទ្យ Mount Miriam Cancer Hospital មន្ទីរពេទ្យ Penang Adventist មន្ទីរពេទ្យ Gleneagles Penang និងមន្ទីរពេទ្យ Island Penang ។
លើសពីនេះ វិទ្យាល័យ Penang Chinese Girls’ School វិទ្យាល័យ Pelita International School វិទ្យាល័យ Dalat International School និងវិទ្យាល័យ Stoneyhust International School Penang សុទ្ធតែមានទីតាំងនៅក្បែរគម្រោងនេះ ទាំងអស់៕ប្រភព: The edge malaysia៕
ដោយ: គង់ លាងហួរ