ភ្នំពេញៈ បណ្តាក្រុមហ៊ុននៅតំបន់អឺរ៉ុបមួយចំនួន នឹងមក
សិក្សាស្វែងយល់ពីឱកាសវិនិយោគ នៅកម្ពុជានាខែតុលាខាងមុខនេះ។
ព័ត៌មានជាផ្លែផ្កានេះ បានកើតមានបន្ទាប់ពីលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុល អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានធ្វើទស្សនកិច្ចគោះទ្វារអ្នកវិនិយោគ នៅតំបន់អឺរ៉ុបកាលពីពេលថ្មីៗនេះ។
ឯកអគ្គរាជទូតអេស្ប៉ាញ លោក Felipe de la Morena បានជម្រាបជូនលោកស៊ុន ចាន់ថុល ក្នុងកិច្ចប្រជុំនៅថ្ងៃទី១៩ កក្កដានេះ តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ អំពីដំណើទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនធំៗ ដែលមានចំណាប់អារម្មណ៍ខ្ពស់ ចំពោះកម្ពុជា ដោយគ្រោងនឹងអញ្ជើញមក បំពេញទស្សនកិច្ចនៅកម្ពុជាដោយផ្ទាល់ នាកំឡុងខែតុលា ឆ្នាំ២០២៤ខាងមុននេះ។
ក្រៅអំពីដំណើរទស្សនកិច្ច របស់វិស័យឯកជនមកកម្ពុជា និងលទ្ធផលដ៏ល្អប្រសើរនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាមានគម្រោងនឹងបំពេញ បេសកកម្មជាថ្មីម្ដងទៀត ទៅប្រទេសមួយចំនួនក្នុងតំបន់អឺរ៉ុប អាមេរិក និងអាស៊ី នៅមុនបំណាច់ឆ្នាំ២០២៤នេះ។
នៅក្នុងកិច្ចប្រជុំនេះដែរ មានការចូលរួមពីលោកStefan Messerer ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជា លោក Bryan Fornari ប្រធានផ្នែកសហប្រតិបត្តិការនៃស្ថានបេសកកម្ម សហភាពអ៊ឺរ៉ុបប្រចាំកម្ពុជា, តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ, សភាពាណិជ្ជកម្មអាល្លឺម៉ង់, ទីប្រឹក្សាពាណិជ្ជកម្ម និងវិនិយោគអេស្ប៉ាញ, ទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មអេស្ប៉ាញ, សភាពាណិជ្ជកម្មកម្ពុជា, និងសមាគមឧកញ៉ាកម្ពុជា ដើម្បីបូកសរុបលទ្ធផលនៃដំណើរបេសកកម្មទាក់ទាញ និងជំរុញវិនិយោគទៅកាន់ប្រទេសអេស្ប៉ាញ និងអាល្លឺម៉ង់ ដែលបានប្រព្រឹត្តទៅកាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ និងពិភាក្សាលើកទិសដៅបន្តចំពោះមុខ។