រដ្ឋាភិបាលកូរ៉េប្រកាសចាត់វិធានការ ខណៈតម្លៃអាផាតម៉ិននៅទីក្រុងសេអ៊ូលហក់ឡើងខ្ពស់ទប់មិនឈ្នះ

0

  អន្តរជាតិ: ក្រុមអ្នកជំនាញបានជំរុញ ឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូង ទប់ស្កាត់ការហក់ឡើងនៃតម្លៃផ្ទះ នៅក្នុងទីក្រុងសេអ៊ូល ជាពិសេសតម្លៃអាផាតម៉ិន ស្របពេលបញ្ហានេះកំពុងបង្កើនការព្រួយបារម្ភ អំពីស្ថានភាពទីផ្សារលំនៅដ្ឋានទាំងមូល។

ជាក់ស្តែង នៅខែឧសភា ឆ្នាំនេះ តម្លៃអាផាតម៉ិនជាមធ្យមនៅក្នុងប្រទេសកូរ៉េខាងត្បូង មានទំហំទឹកប្រាក់ប្រមាណ៥,៥៥លានវ៉ុន(ជាង៤ពាន់ដុល្លារ)ក្នុងមួយម៉ែត្រការ៉េ។

ក្នុងនោះ តម្លៃអាផាតម៉ិន នៅទីក្រុងសេអ៊ូល មានតម្លៃថ្លៃជាងគេបំផុត ក្នុងរង្វង់ប្រហែល១២,៧លានវ៉ុន ក្នុងមួយម៉ែត្រការ៉េ បន្ទាប់មកគឺតម្លៃអាផាតម៉ិននៅខេត្ត Gyeonggi ដែលមានទំហំទឹកប្រាក់ប្រហែល៦,៤លានវ៉ុនក្នុងមួយម៉ែត្រការ៉េ។

លោក Choi Sang-mok ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកូរ៉េខាងត្បូង បានកោះប្រជុំដោ​យផ្តោត លើគោលនយោបាយអចលនទ្រព្យ កាលពីពេលថ្មីៗនេះ ដើម្បីពិភាក្សាដាក់ចេញវិធានការទាំងឡាយណា ដែលអាចធ្វើទៅបាន ដើម្បីកាត់បន្ថយតម្លៃលំនៅដ្ឋាន នៅក្នុងរដ្ឋធានីរបស់ខ្លួន។

កិច្ចប្រជុំនេះបានធ្វើឡើងជាលើកដំបូង ក្នុងរយៈពេល១០ខែកន្លងមក បន្ទាប់ពីទិន្នន័យជាច្រើនបានបង្ហាញថា តម្លៃអាផាតម៉ិនទីក្រុងសេអ៊ូល ដែលជាប្រភេទលំនៅដ្ឋានដ៏ពេញនិយមបំផុតរបស់ប្រជាជនកូរ៉េខាងត្បូង បាននិងកំពុងកើនឡើងយ៉ាងគំហុក។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោកឧបនាយករដ្ឋមន្ត្រី Choi Sang-mok បានគូសបញ្ជាក់ថា “រដ្ឋាភិបាលកំពុងតាមដានយ៉ាងដិតដល់ លើទីផ្សារលំនៅដ្ឋាន នៅក្នុងទីក្រុងសេអ៊ូល ខណៈល្បឿន នៃកំណើនតម្លៃអាផាតម៉ិនកំពុងកើនឡើង”។

មន្ត្រីជាន់ខ្ពស់រូបនេះ បានអះអាងឱ្យដឹងបន្ថែមទៀតថា“    រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងចាត់វិធានការភ្លាមៗ នៅពេលដែលរដ្ឋាភិបាល ស្រាវជ្រាវរកឃើញការទិញអចលនទ្រព្យទុកលក់ចំណេញ និងសញ្ញាផ្សេងទៀត ដែលបង្កឱ្យតម្លៃអាផាតម៉ិនហក់ឡើងកប់ពពក”។

ដើម្បីបង្កើនការផ្គត់ផ្គង់លំនៅដ្ឋាន ក្នុងទីក្រុងសេអ៊ូល និងតំបន់ជុំវិញនោះ លោក Choi បានលើកឡើងថា រដ្ឋាភិបាលនឹងលុបចោល ការរឹតបន្តឹងលើការអភិវឌ្ឍ តំបន់ខ្សែក្រវ៉ាត់ក្រុងបៃតង នៅក្នុងឆមាសទី២នៃឆ្នាំនេះ ដើម្បីទុកទីធ្លាសម្រាប់សាងសង់ផ្ទះថ្មីចំនួន២ម៉ិនយូនីត។

ជាមួយគ្នានេះ រដ្ឋាភិបាលកូរ៉េខាងត្បូង របស់លោកប្រធា​នាធិបតី Yoon Suk Yeol ក៏មានគម្រោងផ្គត់ផ្គង់ផ្ទះថ្មីចំនួន២៣៦.០០០យូនីត ដោយគ្រោងដាក់លក់ ក្នុងតម្លៃទាបជាងទីផ្សារនៅឆ្នាំ២០២៩ខាងមុខ៕ប្រភព: Korea Times៕

LEAVE A REPLY

Please enter your comment!
Please enter your name here