ឯកអគ្គរដ្ឋទូតចិនថ្មីៈទីក្រុងភ្នំពេញនឹងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយ ក្នុងឧបទ្វីបឥណ្ឌូចិន

0
ភ្នំពេញៈ ឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំកម្ពុជា លោក វ៉ាង វិនពីន (Wang Wenbin)បានថ្លែងថា ការសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ “មហាវិថីស៊ី ជីនពីង” ដែលជាឈ្មោះប្រធានាធិបតីចិនបច្ចុប្បន្ន បង្ហាញយ៉ាងរស់រវើកពីមិត្តភាពចិន និងកម្ពុជាមិនអាចបំបែកបាន។
ជាមួយគ្នានេះ លោកជំរុញឱ្យរួមគ្នាសរសេរជំពូកថ្មី នៃមិត្តភាពចិន និងកម្ពុជា។
ពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវនេះ ធ្វើឡើងនៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី១៩ កក្កដា ចំថ្ងៃនៃខួបអនុស្សាវរីយ៍លើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងកម្ពុជា។
មហាវិថី ស៊ី ជីនពីង ពីមុនជាកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ មានប្រវែងជិត៥៣គីឡូម៉ែត្រ តភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកណ្ដាល។
លោកថ្លែងក្នុងពិធីនេះថា “យើងយកថ្ងៃនេះ ដែលសប្បាយរីករាយមែនទែន រៀបចំពិធីសម្ពោធបង្គោលផ្លាកឈ្មោះផ្លូវ មហាវិថី ស៊ី ជីនពីង បានបង្ហាញយ៉ាងរស់រវើក ក្នុងន័យមិត្តភាពជាប្រពៃណីចិន និងកម្ពុជាមិនអាចបំបែកបាន”។លោកបន្ថែមថា “ការសម្ភោធនេះ ក៏បានបង្ហាញបញ្ជាក់ពីអនាគតដ៏ភ្លឺស្វាង កិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ទៅវិញ ទៅមករវាងចិន និងកម្ពុជា”។
លោកឯកអគ្គរដ្ឋទូតថ្លែងថា មហាវិថីម៉ៅ សេទុង មហាវិថី ស៊ី ជីនពីង មហាវិថីព្រះសីហនុ និងមហាវិថីសម្ដេចហ៊ុន សែន គឺប្រទាក់ក្រឡាគ្នា និងតភ្ជាប់គ្នានៃនិមិត្តរូប នៃការប្ដេជ្ញាចិត្តយ៉ាងរឹងមាំ និងកម្លាំងខ្លាំងក្លា ដែលប្រជាជនចិន និងកម្ពុជាប្រកៀកស្មាគ្នា ដៃកាន់ដៃ រួមគ្នាបន្តផ្សព្វផ្សាយមិត្តភាពប្រពៃណី ដែលពូនជ្រំដោយថ្នាក់ដឹកនាំជំនាន់មុន នៃប្រទេសទាំងពីរ ជំរុញឱ្យទំនាក់ទំនងចិន និងកម្ពុជា កាន់តែល្អប្រសើរឡើង។
លោក Wang Wenbinបានបញ្ជាក់ថា “បើយើងជិះឡានតាមផ្លូវមហាវិថីស៊ី ជីនពីង ដែលធំទូលាយ មើលឃើញអគារធំៗលេចធ្លោឡើង ដូចជាយើងបានឃើញអនាគត កាន់តែល្អ កាន់តែភ្លឺស្វាងនៃរាជធានីភ្នំពេញ”។លោកបន្តថា “ខ្ញុំជឿជាក់ថា នាពេលអនាគត រាជធានីភ្នំពេញ នឹងក្លាយជាមជ្ឈមណ្ឌលសំខាន់មួយ ក្នុងឧបទ្វីបឥណ្ឌូចិន ព្រមទាំងតំបន់អាស៊ីអាគ្នេយ៍ ពោរពេញដោយភាពរស់រវើក និងកម្លាំង”។
 
លោកបានលើកឡើងពីចំណងមិត្តភាពចិន និងកម្ពុជាដែលមានប្រវត្តិសាស្ត្រយ៉ាងយូរអង្វែង មានឫសជ្រាលជ្រៅ និងមានស្លឹកលាស់ល្អ ហើយមិត្តភាពដែកថែបចិន និងកម្ពុជាបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិ។
លោកវ៉ាង ថ្លែងថា “ជាអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អាណត្តិថ្មី ខ្ញុំរីករាយសហការជាមួយមិត្តភក្ដិ គ្រប់មជ្ឈដ្ឋាននៃប្រទេសទាំងពីរ អនុវត្តយ៉ាងម៉ឺងម៉ាត់នូវការឯកភាពគ្នា រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើឱ្យស៊ីជម្រៅគ្រប់ជ្រុងជ្រោយនូវកិច្ចសហប្រតិបត្តិការ ដែលមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ”។
លោកបន្ថែមថា ប្រទេសចិន និងកម្ពុជាជំរុញទំនាក់ទំនងមិត្តភាពដែកថែបចិន និងកម្ពុជាទទួលបានសមិទ្ធផល កាន់តែច្រើន។ រួមគ្នាសរសេរជំពូកថ្មីនៃមិត្តភាពចិន និងកម្ពុជា។
កាលពីចុងខែឧសភា ពិធីសម្ពោធជានិមិត្តរូបប្រសិទ្ធិនាមកំណាត់ផ្លូវខ្សែក្រវាត់ក្រុងទី៣ “មហាវិថី ស៊ី ជីនពីង” ត្រូវបានធ្វើឡើងក្រោមវត្តមាន លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក វ៉ាង វិនធាន (Wang Wentian) អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
មហាវិថីនេះត្រូវបានសម្ពោធ បើកឱ្យប្រើប្រាស់ជាផ្លូវការកាលពីខែសីហា ឆ្នាំ២០២៣ ក្រោមវត្តមានលោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា។
លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីនោះថា ក្រោយពីដាក់ឱ្យប្រើប្រាស់ជិត១ឆ្នាំមកនេះ មហាវិថីស៊ី ជីនពីង បានជំរុញសក្ដានុពលកំណើននៃការដឹកជញ្ជូនគ្រប់ប្រភេទ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពីតំបន់មួយទៅតំបន់មួយ ដោយពុំចាំបាច់ឆ្លងកាត់រាជធានីភ្នំពេញ ដែលអាចកាត់បន្ថយការកកស្ទះចរាចរណ៍ និងចំណេញពេលវេលា។
លោកថ្លែងថា “មហាវិថីនេះបាន និងកំពុងប្រែក្លាយតំបន់ដែលនៅអមសងខាងខ្សែផ្លូវ ឱ្យទៅជាតំបន់អភិវឌ្ឍន៍ភស្តុភារកម្ម តំបន់ឧស្សាហកម្ម តំបន់រោងចក្រ ឃ្លាំងស្តុកទំនិញ និងការអភិវឌ្ឍបុរី និងលំនៅឋាន”។ លោកបន្តថា បច្ចុប្បន្នមានប្រជាពលរដ្ឋកាន់តែកុះករ និងប្រកបរបរជំនួញកាន់តែច្រើនឡើង ហើយនាពេលនេះ និងអនាគត ក៏នឹងបន្តប្រែក្លាយតំបន់ជាយក្រុងឱ្យមានការអភិវឌ្ឍជាបន្តបន្ទាប់ទៀត”៕

LEAVE A REPLY

Please enter your comment!
Please enter your name here