ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ បង្ហាញផែនការឌីហ្សាញអគារដ៏អស្ចារ្យមួយនៅទីក្រុងសុិនជិន

0

អន្តរជាតិ: ក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីល្បាញ Büro Ole Scheeren របស់អាល្លឺម៉ង់បានបង្ហាញផែនការឌីហ្សាញបែប Scenic City សម្រាប់អគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនខ្នាតយក្សចិន JD.com ដោយក្នុងនោះ អគារផ្នែកខាងមុខនឹងត្រូវបានរចនាឡើងឱ្យស្រដៀងទៅនឹងទឹកជ្រោះដែលកំពុងហូរធ្លាក់ចុះពីលើកំពូលអគារ។

គម្រោងនេះមានទីតាំងស្ថិតនៅសង្កាត់ Nanshan ក្នុងទីក្រុង Shenzhen ប្រទេសចិន ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលទើបបង្កើតថ្មី និងជាអគារទីស្នាក់ការថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនជាច្រើន។

អគារមួយគូរ ដែលផុសត្រដែតឡើងក្បែរគ្នានេះ នឹងរួមមានការិយាល័យ សណ្ឋាគារ ហាងលក់រាយ និងមជ្ឈមណ្ឌលវប្បធម៌សរុបទំហំ១៨៦.០០០ម៉ែត្រការ៉េ និងមានកន្លែងតាំងពិព័រណ៍នៅជាប់គ្នា ដែលមានរោងកុនចំនួន១៥០កៅអី។

ក្នុងចំណោមអគារទាំង២នោះ អគារមួយមានកម្ពស់១៨៨ម៉ែត្រ ដែលនឹងក្លាយជាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន JD.com ខណៈដែលផ្នែកលយទៅខាងមុខនៃអគារដដែលនេះនឹងត្រូវដាក់ឱ្យប្រើប្រាស់សម្រាប់រៀបចំព្រឹត្តិការណ៍វប្បធម៌ផ្សេងៗ។

ចំណែកឯ អគារមួយទៀតដែលស្ថិតនៅទិសខាងលិចមានកម្ពស់១៣១ម៉ែត្រ ដែលនឹងរួមមានសេវាកកម្មមួយចំនួនដូចជា សណ្ឋាគារសម្រាប់ទទួលភ្ញៀវស្នាក់នៅ និងការិយាល័យសម្រាប់ជួលឱ្យក្រុមហ៊ុនបច្ចេកវិទ្យាធំៗ

ផែនការឌីហ្សាញបែប Scenic City ក្រុមហ៊ុនស្ថាបត្យកម្ម Büro Ole Scheeren បង្កប់នូវគំនិតក្នុងរួមបញ្ចូលនូវសម្រស់បែបធម្មជាតិជុំវិញអគារ ដោយមានរចនាបថស្រដៀងនឹងទឹកជ្រោះដែលកំពុងហូរធ្លាក់ចុះមកក្រោម ដើម្បីបង្កើតឡើងនូវជីវិតសាធារណៈ និងជីវិតសង្គមទាំងនៅក្នុងអគារ ក៏ដូចជាបរិយាកាសទីក្រុងខាងក្រៅ។

ចំណែកឯ អគារតូចៗដែល លយមកកាន់ផ្នែកខាងមុខនៃអគារមេទាំង២ អាចជួយស្រូបខ្យល់ចេញ-ចូលបែបធម្មជាតិ និងគ្រប់គ្រងឥទ្ធិពលលើចំណាំងផ្លាតពន្លឺកញ្ចក់អគារ ដើម្បីសម្របទៅនឹងបរិយាកាសខាងក្រៅដែលមានកំដៅសីតុណ្ហភាពក្តៅខ្លាំង និងមានភ្លៀងធ្លាក់ខ្លាំងក្នុងតំបន់ដោយប្រែប្រួលទៅតាមរដូវកាល៕ប្រភព: Dezeen៕

LEAVE A REPLY

Please enter your comment!
Please enter your name here