ទីផ្សារលំនៅដ្ឋាននៅតំបន់ Greater Bay Area របស់ប្រទេសចិន កំពុងស្ទុះងើបឡើងវិញសន្សឹមៗ

0

អន្តរជាតិ: តម្រូវការលំនៅដ្ឋាននៅក្នុងតំបន់ Greater Bay Area របស់ប្រទេសចិន បានស្ទុះងើបឡើងវិញកាលពីខែមិថុនា បន្ទាប់ពីចំណាត់ការ ក្នុងការជួយសង្គ្រោះវិស័យអចលនទ្រព្យរបស់ទីក្រុងប៉េកាំងបានចូលជាធរមាន។

ទោះជាយ៉ាងណា ការស្ទុះងើបឡើងវិញនៃតម្លៃផ្ទះនៅតំបន់នេះ នឹងត្រូវការពេលវេលាបន្ថែមទៀត ស្របពេលមានវិបត្តិសេដ្ឋកិច្ចនៅក្នុងប្រទេសចិន។នេះបើតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield។

ការលក់ផ្ទះថ្មីនៅក្នុងតំបន់ Greater Bay Area មានទំហំចំនួន២៨.៥៨៤យូនីតនៅក្នុងខែមិថុនា កើនឡើងជិត២០ភាគរយបើធៀបនឹងការលក់នៅខែឧសភា។ តម្រូវការនេះត្រូវបានជំរុញដោយកញ្ចប់វិធានការរបស់រដ្ឋាភិបាលចិន។

តំបន់ Greater Bay Area (GBA) គឺជាផែនការប្លង់មេរបស់រដ្ឋាភិបាលចិន ដែលគ្របដណ្តប់ទៅលើទីក្រុងហុងកុង ទីក្រុងម៉ាកាវ និងទីក្រុងចំនួន៩នៅក្នុងខេត្តក្វាងទុង ខណៈប្រទេសចិនមានគោលបំណងប្រែក្លាយតំបន់នេះទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងពាណិជ្ជកម្មដ៏ធំ។

ក្រុមហ៊ុន Cushman & Wakefield រំពឹងថា ចំនួនផ្ទះថ្មីប្រហែល១៨មុឺនយូនីត នឹងត្រូវបានលក់ចេញនៅក្នុងឆមាសទី២ ឆ្នាំនេះ ដោយកើនឡើងពី១៣៣.០០០យូនីត ក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៤។ កំណើននេះនឹងជំរុញឱ្យការលក់ផ្ទះសរុបនៅតំបន់ Greater Bay Areaនៅក្នុងឆ្នាំ២០២៤ទាំងមូលសម្រេចបានប្រហែល៣១៣.០០០យូនីត។

លោក Alva To អ្នកជំនាញមួយរូបនៅក្រុមហ៊ុន Cushman & Wakefield បានលើកឡើងថា “យើងជឿជាក់ថា ចំនួនប្រតិបត្តិការនៃការលក់លំនៅដ្ឋាននៅឯតំបន់ Greater Bay Area នឹងកើនឡើងបន្តិចម្តងៗនៅក្នុងឆមាសទីពីរឆ្នាំនេះ”។

លោក To បានមានប្រសាសន៍ឱ្យដឹងបន្ថែមថា “ស្ថានភាពដ៏អាក្រក់បំផុតសម្រាប់ទីផ្សារអចលនទ្រព្យលំនៅដ្ឋានបានបញ្ចប់ហើយ។ តម្លៃផ្ទះត្រូវបានគេរំពឹងថា នឹងមានស្ថិរភាពបន្តិចម្តងៗ នាពេលអនាគត ខណៈតម្រូវការទិញផ្ទះនឹងស្ទុះងើបឡើងវិញយ៉ាងសន្សឹមៗ”៕ប្រភព:SCMP៕

ដោយ: គង់ លាងហួរ

LEAVE A REPLY

Please enter your comment!
Please enter your name here