រដ្ឋាភិបាលវៀតណាមកំណត់គោលដៅចំណូលប្រចាំឆ្នាំសម្រាប់ប្រជាជនម្នាក់ៗចំនួន៧.៥០០ដុល្លារនៅឆ្នាំ២០៣០

0

ហាណូយ: ប្រទេសវៀតណាម បានដាក់ចេញគោលដៅសម្រេចឱ្យបានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ៧ភាគរយក្នុង១ឆ្នាំ និងជំរុញប្រាក់ចំណូលប្រចាំឆ្នាំ ជាមធ្យមសម្រាប់ប្រជាជនម្នាក់ៗ ដល់៧.៥០០ដុល្លារនៅឆ្នាំ២០៣០។ នេះបើយោងតាមផែនការសកម្មភាពរបស់រដ្ឋាភិបាល។
ទីភ្នាក់ងារសារព័ត៌មានវៀតណាម VNA បានរាយការណ៍ថា តាមរយៈផែនការនេះ វៀតណាម គ្រោងបន្តពន្លឿនការធ្វើឧស្សាហូបនីយកម្ម និងការធ្វើទំនើបកម្ម នៅក្នុងប្រទេសរបស់ខ្លួនឱ្យរីកចម្រើនជឿនលឿន ឆាប់រហ័សនៅឆ្នាំ២០៣០ ជាមួយនឹងចក្ខុវិស័យ រយៈពេលវែងរហូតដល់ឆ្នាំ២០៤៥។


វៀតណាមមានមហិច្ឆិតា ចង់ក្លាយជាមជ្ឈមណ្ឌលឧស្សាហកម្មលំដាប់កំពូលមួយ នៅក្នុងចង្កោមសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា“អាស៊ាន” ដោយជំរុញឱ្យវិស័យឧស្សាហកម្ម ចូលរួមចំណែកជាង៤០ភាគរយ នៃផលទុនជាតិសរុប (GDP)។នេះបើយោងតាមផែនការ។
ក្នុងនោះ វិស័យផលិតកម្ម និងការកែច្នៃត្រូវបានគេរំពឹងថា នឹងគ្របដណ្តប់ ចំណែកប្រហែល៣០ភាគរយ នៃផលទុនជាតិសរុប ខណៈវិស័យសេវាកម្ម ត្រូវបានព្យាករណ៍ថា នឹងចូលរួមចំណែកលើសពី៥០ភាគរយ នៃផលទុនជាតិសរុបរបស់វៀតណាម។


ចំណែក កម្លាំងពលកម្ម នៅក្នុងវិស័យកសិកម្មរបស់ប្រទេសវៀតណាម ត្រូវបានគេរំពឹងថា នឹងធ្លាក់ចុះមកនៅត្រឹមកម្រិតតិចជាង២០ភាគរយ នៃកម្លាំងពលកម្មសរុបនៅទូទាំងប្រទេស។
ប្រទេសសមាជិកអាស៊ានមួយនេះ សម្រេចបានកំណើន GDPក្នុងរង្វង់៦,៤២ភាគរយ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៤នេះ ដែលជាកំណើនខ្ពស់បំផុតទី២ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។នេះបើយោងតាមការិយាល័យស្ថិតិទូទៅ៕ប្រភព: Xinhua៕

LEAVE A REPLY

Please enter your comment!
Please enter your name here