កម្ពុជាស្ថិតក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតទាំង២០លើពិភពលោកនៅឆ្នាំ២០២៤

0

អន្តរជាតិ: គេហទំព័រដែលមានជំនាញ ខាងផ្នែកហិរញ្ញវត្ថុ Insider Monkey របស់សហរដ្ឋអាមេរិក បានដាក់កម្ពុជានៅលេខរៀងទី១៧ ក្នុងចំណោមបណ្តាប្រទេស ដែលកំពុងអភិវឌ្ឍន៍លឿនជាងគេបំផុតទាំង២០ លើពិភពលោកនៅក្នុងឆ្នាំ២០២៤នេះ។
គេហទំព័រInsider Monkey បានសរសេររៀបរាប់ថា “ប្រទេសកម្ពុជាត្រូវបានគេស្គាល់ ដោយសារប្រាសាទបុរាណ និងបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប។ សេដ្ឋកិច្ចកម្ពុជាត្រូវបានជំរុញដោយវិស័យទេសចរណ៍ វាយនភ័ណ្ឌ និងឧស្សាហកម្មកសិកម្ម”។


ជាមួយគ្នានេះ ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន GDP ពិតប្រាកដក្នុងរង្វង់៦%នៅឆ្នាំនេះ និងប្រាក់ចំណូលសរុបប្រចាំឆ្នាំ សម្រាប់ប្រជាជនម្នាក់ៗចំនួន២.៦៣០ដុល្លារ។ ជាងនេះទៅទៀត កម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមានឧស្សាហកម្មទេសចរណ៍កំពុងរីកចម្រើនលឿនបំផុតមួយ នៅក្នុងតំបន់អាស៊ាន។
ចំណែក ប្រទេសវៀតណាម ឈរនៅលេខរៀងទី១៩។ សេដ្ឋកិច្ចរបស់វៀតណាម ត្រូវបានជំរុញដោយវិស័យផលិតកម្ម កសិកម្ម និងសេវាកម្ម។ វៀតណាមត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើនGDP ពិតប្រាកដក្នុងរង្វង់១,៨% និងប្រាក់ចំណូលប្រចាំឆ្នាំ ជាមធ្យមសម្រាប់មនុស្សម្នាក់ចំនួន៤.៦២០ដុល្លារ។
វៀតណាមគឺជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលមានឧស្សាហកម្ម ជឿនលឿនបំផុតនៅក្នុងតំបន់ និងមានប្រជាជនវ័យក្មេងច្រើន។
ចំណែក ប្រទេសដែលឈរនៅលេខរៀងទី១ ក្នុងនាមជាប្រទេស ដែលកំពុងអភិវឌ្ឍន៍លឿនជាងគេបំផុត គឺប្រទេសហ្គីយ៉ាណា (Guyana)។
ហ្គីយ៉ាណា គឺជាប្រទេសដ៏តូចមួយ នៅតំបន់អាមេរិកខាងត្បូង ដែលសម្បូរទៅដោយជីវចម្រុះ និងសម្រស់ធម្មជាតិ។ ប្រទេសនេះ បានរកឃើញកំណប់ទុនបម្រុងប្រេង និងឧស្ម័នយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានចាប់ផ្តើមផលិតកម្មប្រេងនៅឆ្នាំ២០១៩ និងមានសមត្ថភាពផលិតប្រេង បាន២៧៨.០០០បារ៉ែលក្នុងមួយថ្ងៃក្នុងឆ្នាំ២០២២។
ប្រទេសហ្គីយ៉ាណាត្រូវបានព្យាករណ៍ថា នឹងសម្រេចបានអត្រាកំណើន GDP ពិតប្រាកដក្នុងរង្វង់៣៣,៩%នៅឆ្នាំនេះ និងប្រាក់ចំណូលប្រចាំឆ្នាំ សរុបសម្រាប់មនុស្សម្នាក់ៗចំនួន២៦.៥៩០ដុល្លារអាមេរិក ក្នុងឆ្នាំ២០២៤។
អត្រាកំណើនសេដ្ឋកិច្ច របស់ប្រទេសនៅតំបន់អាមេរិកខាងត្បូងមួយនេះ បានកើនឡើងជាមធ្យម៤២% ជារៀងរាល់ឆ្នាំ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលធ្វើឱ្យហ្គីយ៉ាណាក្លាយជាប្រទេស ដែលកំពុងមានការអភិវឌ្ឍន៍លឿនបំផុត ក្នុងពិភពលោក។ ប្រទេសហ្គីយ៉ាណា ក៏មានធនធានដីកសិកម្មដ៏មានជីជាតិ និងរ៉ែដ៏មានតម្លៃដូចជា រ៉ែមាសជាដើម។
ដើម្បីចងក្រងបញ្ជីបណ្តា ប្រទេសកំពុងអភិវឌ្ឍន៍លឿនបំផុតទាំង២០ លើពិភពលោកក្នុងឆ្នាំ២០២៤ គេហទំព័រ Insider Monkey បានទាញយកប្រភពទិន្នន័យស្តីពី អត្រាកំណើន GDP ពិតប្រាកដ និងប្រាក់ចំណូលប្រចាំឆ្នាំ សម្រាប់ប្រជាជនម្នាក់ៗ ក្នុងឆ្នាំ២០២៤ ពីមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)៕ប្រភព:Insider Monkey៕

LEAVE A REPLY

Please enter your comment!
Please enter your name here