ក្រសួងអភិវឌ្ឍន៍ជនបទបន្តសាងសង់ផ្លូវនៅតាមតំបន់ជនបទ

0

ត្បូងឃ្មុំៈ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោកឆាយ ឫទ្ធិសែន បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនា ផ្លូវជនបទចំនួន១ខ្សែ ដែលកំពុងស្ថាបនាដោយក្រាលកៅស៊ូពីរជាន់ (DBST) និងមានផ្នែកខ្លះ ក្រាលបេតុងសរសៃដែកមានប្រវែងសរុប២០,៦០គីឡូម៉ែត្រ ទទឹង៨ម៉ែត្រ។
ផ្លួវនេះស្ថិតនៅក្នុងភូមិប្រស្រែលើ សង្កាត់វិហារលួង ទៅដល់ភូមិត្រពាំងឬស្សី ឃុំ រកាពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ផ្លូវនេះ បានបើកការដ្ឋាននៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ គិតដល់ពេលនេះ សម្រេចលទ្ធផលបាន១០% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។


បន្ទាប់ពីបានពិនិត្យការដ្ឋានផ្លូវរួចមក លោកឆាយ ឫទ្ធិសែន និងគណៈប្រតិភូ បានអញ្ជើញទៅសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយសហគមន៍កសិកម្មចំនួន២កន្លែង គឺ សហគមន៍កសិកម្ម ក្ដីសង្ឃឹមកសិករ ស្ថិតនៅភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មារ និងសហគមន៍កសិកម្មតំបែររុងរឿង ស្ថិតក្នុងភូមិត្រពាំងឫស្សី ឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លោករដ្ឋមន្ដ្រី បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ដ្រី ប្រទេសជាតិបាន និងកំពុងមានការអភិវឌ្ឍស្ទើរគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលធ្វើឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅ កាន់តែប្រសើរឡើងជាលំដាប់។
លោកបញ្ជាក់ថា “សមិទ្ធផលទាំងនេះ កើតចេញពីកត្តាសុខសន្តិភាពដែលមាន សម្ដេចតេជោហ៊ុន សែន ជាបិតាស្ថាបនិកនៃសន្តិភាព និងបច្ចុប្បន្នត្រូវបានបន្តវេនដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចបាននៅចក្ខុវិស័យកម្ពុជាជាប្រទេស មានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានោះដែរលោកឆាយ ឬទ្ឋីសែន បានលើកឡើងបន្ថែមទៀតថា ពេលនេះកម្ពុជាកំពុងរងចាំ ទទួលសមិទ្ធិផលថ្មីដ៏ធំមួយទៀតជាប្រវត្តិសាស្ត្រ គឺការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ។
លោករដ្ឋមន្ដ្រី ក៏បានសំណូមដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ ចូលរួមសាទរជានិងសមិទ្ធិផល ដ៏អស្ចារ្យមិនធ្លាប់មានកន្លងមក តាមរយៈការទូងស្គរ វាយប៉ោត ឬចាក់ឧបករណ៍បំពងសំលេងគ្រប់ប្រភេទ នាថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៤ ឲ្យមានភាពអធិកអធម ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here