ក្រុមសេដ្ឋវិទូជាន់ខ្ពស់: សេដ្ឋកិច្ចអាមេរិកនឹងរងផលប៉ះពាល់ដោយសារតែវិបត្តិអាកាសធាតុ

0

អន្តរជាតិ: ក្រុមសេដ្ឋវិទូកំពូលៗ កំពុងជជែកវែកញែកអំពីឥទ្ធិពល ទៅលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ស្របពេលដែលវិបត្តិអាកាសធាតុ នៅតែបន្តបង្កការគំរាមកំហែងជាសកល។ នេះបើយោងតាមការចុះផ្សាយដោយសារពត៌មាន CNBC។
លោក Mark Zandi ប្រធានសេដ្ឋវិទូនៅក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុ Moody’s Analytics បានព្យាករណ៍ថា “ហានិភ័យអាកាសធាតុ” នឹងធ្វើឱ្យសេដ្ឋកិច្ចអាមេរិក ខាតបង់អស់ទំហំទឹកប្រាក់ដ៏ធំបំផុត ក្នុងរយៈពេល១០ទៅ២០ឆ្នាំខាងមុខ។
ហានិភ័យទាំងនេះ គឺជាការខូចខាត ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិ ហើយបច្ចុប្បន្ននេះ វាកំពុងកើតឡើងកាន់តែញឹកញាប់។


លោក Zandi ក៏បានព្យាករណ៍ផងដែរថា ការបោះទុនវិនិយោគ ដើម្បីផ្លាស់ប្តូរពីសេដ្ឋកិច្ច ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីលទៅជាថាមពលបៃតង នឹងដាក់សម្ពាធលើសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។
លោក Jeffrey Sachs សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចនៅសាកលវិទ្យាល័យ Columbia បានលើកឡើងថា “ខ្ញុំនឹងផ្តោតមើលថា តើការងាកទៅប្រើប្រាស់ ថាមពលស្អាតនៅទូទាំងពិភពលោក នឹងអាចសម្រេចធ្វើទៅបានដោយរបៀបណា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ”។
លោក Jeffrey Sachs បានចោទជាសំណួរឡើងថា “តើពិភពលោកទាំងមូល អាចទទួលបានប្រព័ន្ធថាមពលស្អាតដោយរបៀបណា? ព្រោះ ប្រសិនបើសហរដ្ឋអាមេរិក អនុវត្តន៍ហើយ តែប្រទេសផ្សេងទៀតបែរជាមិនធ្វើ។ អញ្ចឹង! បំភ្លេចចោលទៅ”។


ជាមួយគ្នានេះ លោក Robert Reich អតីតរដ្ឋមន្ត្រីក្រសួងការងារអាមេរិក បានសម្តែងការសោកស្ដាយថា “មិនមែនគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានទ្រព្យសម្បត្តិ ដើម្បីបណ្តាក់ទុនវិនិយោគ ក្នុងការផ្លាស់ប្តូរទៅកាន់ថាមពលបៃតងនោះទេ”។
លោក Robert Reich បានមានប្រសាសន៍ឱ្យដឹងបន្ថែមទៀតថា “បណ្តាប្រទេស ដែលជួបការលំបាកបំផុត ក្នុងការផ្លាស់ប្តូរទៅកាន់ថាមពលស្អាត គឺជាប្រទេសក្រីក្រខ្លាំង”៕

LEAVE A REPLY

Please enter your comment!
Please enter your name here