អន្តរជាតិ: ទីក្រុងប៉េកាំង បានចាត់វិធានការរឹតបន្តឹងមិនឱ្យប្រជាជនចិនបង្ហាញ ឬបង្អួតទ្រព្យសម្បត្តិ គួបផ្សំនឹងការធ្លាក់ចុះនៃសេដ្ឋកិច្ចចិន បានធ្វើឱ្យការលក់ផលិតផល របស់ម៉ាកយីហោប្រណីតមួយចំនួន របស់ពិភពលោកមានការធ្លាក់ចុះ។

តួយ៉ាង ក្រុមហ៊ុនផ្គត់ផ្គង់ទំនិញប្រណីត LVMH បានអះ អាងថា ការលក់ផលិតផលប្រណីតរបស់ខ្លួន នៅតំបន់អាស៊ី (រួមមានប្រទេសចិន តែមិនរាប់បញ្ចូលប្រទេសជប៉ុន) បានដាំក្បាលចុះ១៤ភាគរយ ក្នុងត្រីមាសទី២ បើធៀបនឹងការធ្លាក់ចុះត្រឹមតែ៦%នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ដូចគ្នា។
-->
យ៉ាងណាមិញ ការលក់ទំនិញប្រណីត របស់ក្រុមហ៊ុនដៃគូប្រកួតប្រជែងផ្សេងទៀត របស់ក្រុមហ៊ុនបារាំង LVMH នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក ក៏កំពុងតែធ្លាក់ចុះព្រមគ្នាផងដែរ។
ការធ្លាក់ចុះនេះកើតមានឡើង ស្របពេលដែលប្រជាជនចិន កំពុងកាត់បន្ថយការទិញសម្ភារៈប្រើប្រាស់ថ្លៃៗ។ ជាមួយគ្នានេះ រដ្ឋាភិបាលចិនថែមទាំងបានបិទគណនី បណ្ដាញសង្គមរបស់ក្រុម Influencer មួយចំនួនដែលចូលចិត្តបង្អួតសម្ភារៈនិយមថ្លៃៗនៅលើអនឡាញ។
LVMH ដែលជាក្រុមហ៊ុនលក់ទំនិញ ប្រណីតដ៏ធំបំផុតរបស់ពិភពលោក ក៏បានបញ្ជាក់ផងដែរថា កំណើនប្រាក់ចំណូ លសរុបរបស់ខ្លួន បានធ្លាក់ចុះមកត្រឹម១% នៅខែមេសាដល់ខែមិថុនា។ ភាគហ៊ុនរបស់ក្រុមហ៊ុននេះ ដែលលក់ទំនិញម៉ាកល្បីៗចំនួន៧៥ រួមមានម៉ាក Louis Vuitton ម៉ាក Dior និងម៉ាក Tiffany & Co បានដាំក្បាលចុះជិត២០%បើធៀបនឹងឆ្នាំមុន។
ទោះយ៉ាងណាក្តី លោកមហាសេដ្ឋីបារាំង Bernard Arnault ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនខ្នាតយក្ស LVMH នៅតែមានសុទិដ្ឋិនិយមជាប់ជានិច្ច។ ប៉ុន្តែ ក្នុងពេលដំណាលគ្នានេះ លោកក៏នៅតែមានការប្រុងប្រយ័ត្នក្នុងបរិបទបច្ចុប្បន្នផងដែរ។
លោកបានលើកឡើងថា “លទ្ធផលប្រាក់ចំណូលប្រចាំឆមាសទី១ ឆ្នាំនេះបានឆ្លុះបញ្ចាំងឱ្យឃើញ ពីភាពធន់គួរឱ្យកត់សម្គាល់របស់ក្រុមហ៊ុន LVMH ទោះបីជាយើងកំពុងស្ថិតក្នុងបរិយាកាស នៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយយ៉ាងណាក្តី”៕ប្រភព: BBC៕