សមាគមពាណិជ្ជកម្នជប៉ុនជួយរៀបចំមជ្ឈមណ្ឌលធុរកិច្ចសម្រាប់កម្ពុជា

0

ភ្នំពេញៈ អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន (JETRO) ​បានចែក​រំលែក​បទពិសោធន៍ ​ជោគជ័យ​លើ​ការ​រៀប​ចំ “មជ្ឈម​ណ្ឌល​គាំទ្រ​ធុរកិច្ច”ឬ ​Business Support Center ​ជូន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ដែល​ជា​នីតិវិធី​មួយ​កម្ពុជា​ចង់​បាន ​ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ។

ការចែក​រំលែក​បទពិសោធន៍​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ដោ​យ​ JETRO ​សម្រាប់​​មន្ត្រី​ជំនាញ ​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ក្នុង​វគ្គ​បណ្ដុះ​បណ្ដាល​មួយ​ស្ដី​ពី​ ឧត្តមានុវត្តន៍ ​និង​បទ​ពិសោធន៍​ជោគជ័យ​លើ​ការ​រៀបចំ​ មជ្ឈ​មណ្ឌល​គាំទ្រ​ធុរកិច្ច ​ក្នុង​ប្រទេស​ជប៉ុន​ (JETRO Business Support Center) ​ពី​ថ្ងៃ​ទី២៥-២៦ ខែ​កក្កដា។ នេះ​បើ​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍។

វគ្គបណ្ដុះ​បណ្ដាល​នេះ​ ជា​លទ្ធផល​នៃ​ជំនួប​រវាង​លោក​ឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធាន​ទី១​នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ជាមួយ​​លោកស្រី​ Marisa Haruta ​តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​ឧសភា ​ឆ្នាំ​២០២៤ នៅ​ប្រទេស​ជប៉ុន។

នៅ​ក្នុង​ជំនួប​នា​ពេល​នោះ លោក ស៊ុន ចាន់ថុល បាន​បង្ហា​ញ​ចំណាប់​អារម្មណ៍​ខ្ពស់​ និង​ចង់​ឃើញ​មាន​របៀប​វារៈ​ ឬ ​នីតិវិធី​ស្រដៀង​គ្នានេះ​ អាច​អនុវត្ត​បាន​នៅ​កម្ពុជា​ នោះ​គឺការ​បង្កើត​ “មជ្ឈមណ្ឌល​គាំទ្រធុរកិច្ច”​ ឬ Business Support Center។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ជម្ឈមណ្ឌល​នេះ​មាន​លក្ខណៈ​ដូចជា One Stop Services ដែល​មាន​តួនាទី​ជួយ​សម្រួល​ដល់​ក្រុមហ៊ុន​នានា ​ក្នុង​ដំណើរ​ការ​បង្កើត​ការវិនិយោគ រាប់​ចាប់​ពី​ការ​ទទួល​បាន​ព័ត៌មាន ​សម្រាប់​ការ​វិនិយោគ ​រហូត​ដល់​ពួក​គេ​ទទួល​បាន​ “អភ័យឯកសិទ្ធិ​ស្រប​ច្បាប់​វិនិយោគ”។

លោក ស៊ុន ចាន់ថុន បានថ្លែង​អំណរគុណ​លោកស្រី ​Marisa Haruta តំណាង​អង្គការ​ពាណិជ្ជកម្ម​ក្រៅ​ប្រទេស​ជប៉ុន ​​ JETRO និង​រដ្ឋាភិបាល​ជប៉ុន ដែល​បាន​ផ្ដល់​ការ​គាំទ្រ និង​សហការ​យ៉ាង​សកម្ម ​លើ​ការ​រៀប​ចំ​ឱ្យ​មាន​ដំណើរ​ បេសកកម្ម​ទាក់​ទាញ​ និង​ជំរុញ​វិនិយោគ​របស់​ថ្នាក់​ដឹកនាំ​កម្ពុជា ​នា​ពេល​កន្លង​មក រួមទាំង​បេសកកម្ម​របស់​សម្តេចធិបតី​នាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត​ ទៅ​ប្រទេស​ជប៉ុន​ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២៣។

ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បញ្ជាក់​ថា ជំនួប​នេះ​បាន​បង្ហា​ញ​ពី​ការតាំង​ចិត្ត​ខ្ពស់​ នឹង​បន្ត​ជួយ​លើ​កិច្ចការងារ​ជំរុញ​វិនិយោគ ​ផ្គូផ្គង​វិស័យ​ឯកជន​ និង​ផ្សព្វ​ផ្សាយ​សក្ដានុពល​របស់​កម្ពុជា ​ឱ្យ​ដល់​ក្រុមហ៊ុន​ជប៉ុន​ផ្សេង​ទៀត ​ដែល​មាន​បំណង​ចង់​បណ្ដាក់​ទុន​វិនិយោគ​របស់​ខ្លួន[នៅ​កម្ពុជា៕
       ដោយៈ គង់ សូរិយា

 

LEAVE A REPLY

Please enter your comment!
Please enter your name here