អន្តរជាតិ: រដ្ឋមន្ត្រីក្រសួងទេសចរណ៍ឥណ្ឌូនេស៊ី លោក Sandiaga Uno បានបង្ហាញគោលបំណង ទាក់ទាញភ្ញៀវទេសចរណ៍ចិនឱ្យងាកទៅកំសាន្តនៅកោះបាលី ដែលជាគោលដៅដំណើរកម្សាន្តត្រូពិចបន្ទាប់របស់ពួកគេ។
លោក Uno បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយលោក Stephen Engle ពិធីកររបស់ទូរទស្សន៍ Bloomberg នៅខាងក្រៅវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Dalian ប្រទេសចិនថា “កោះបាលីនៅតែជាគោលដៅពេញនិយម កំពូលសម្រាប់ភ្ញៀវទេសចរណ៍ចិន”។

-->
លោកបានបន្តថា “បច្ចុប្បន្ន ភ្ញៀវទេសចរណ៍ចិនវ័យក្មេងភាគច្រើន មានបំណងទទួលបានបទពិសោធន៍ថ្មីៗ ដូចជាភាពស្ងប់ស្ងាត់ និងនិរន្តរភាព បន្ថែមពីលើការស្រូបពន្លឺព្រះអាទិត្យ ការមើលទេសភាពសមុទ្រ និងវាលខ្សាច់”។

លោក Uno បានគូសបញ្ជាក់នៅក្នុងបទសម្ភាសន៍ថា រដ្ឋាភិបាលរបស់យើងកំពុងបង្កើតយុទ្ធនាការថ្មី ដែលមានឈ្មោះថា “បទពិសោធន៍នៅកោះបាលី” ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យបានចំនួន១,៣លាននាក់ មកពីប្រទេសចិននៅក្នុងឆ្នាំ២០២៤នេះ។
រដ្ឋាភិបាលកំពុងអភិវឌ្ឍន៍ស្តង់ដារ តំបន់ទេសចរណ៍នៅជិតកោះបាលី ដូចជាតំបន់ Labuan Bajo ដែលជាជម្រករបស់សត្វត្រកួតយក្ស និងមានទីតាំងបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ គឺប្រាសាទ Borobudur។

ស្របពេលការចំណាយ របស់ភ្ញៀវទេសចរណ៍ចិនត្រូវបានគេរំពឹងថា នឹងស្ទុះងើបឡើងវិញ លើសពីកម្រិតមុនជំងឺរាតត្បាតនៅឆ្នាំនេះ ប្រទេសឥណ្ឌូនេស៊ី គ្រោងលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋមកពីប្រទេសចិន សហរដ្ឋអាមេរិក ឥណ្ឌា និងបណ្តាប្រទេសជាច្រើនទៀត មុនពេលមានការផ្លាស់ប្តូរថ្នាក់ដឹកនាំក្នុងជួររដ្ឋាភិបាល ក្នុងខែតុលាខាងមុខ៕ ប្រភព: Bloomberg៕
ដោយ: គង់ លាងហួរ


