កម្ពុជា ឡាវជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិកាន់តែជិតស្និទ្ឋ

0

ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ប្រមុខរដ្ឋាភិបាលកម្ពុជា និងមន្រ្តីជាន់ខ្ពស់ឡាវបានបង្ហាញជំហរ ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ កាន់តែជិតស្និទ្ឋរវាងប្រទេសទាំងពីរ។

ក្នុងឱកាសនៃជំនួប ឧត្តមសេនីយ៍ឯក ខាំលៀង ឧថាក់កៃសន (Khamlieng Outhakaysone) អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ព ប្រជាជនឡាវ បានគោរព ជម្រាបជូនសម្ដេចធិបតី អំពីគោលបំណងនៃដំណើរទស្សនកិច្ចរបស់លោកគឺ ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ព នៃប្រទេសទាំងពីរ។

លោកអនុរដ្ឋមន្ត្រី បានគោរពជម្រាបជូនសម្តេចធិបតីបន្ថែម អំពីលទ្ធផលសំខាន់ៗនៃដំណើរទស្សនកិច្ចនេះ មានជាអាទិ៍៖ (១) កិច្ចសហប្រតិបត្តិការសន្តិសុខ នៅតាមបណ្តោយព្រំដែន រួមទាំងការប្រយុទ្ធប្រឆាំង ការជួញដូរគ្រឿងញៀន ឧក្រិដ្ឋកម្មឆ្លងដែន និងការឆ្លើយតប នឹងគ្រោះមហន្តរាយធម្មជាតិ (២) ការផ្លាស់ប្តូរសិក្ខាកាម និងការបណ្តុះបណ្តាលធនធានមនុស្ស និង(៣) ការជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ។

សម្ដេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្ដែងនូវក្តីរីករាយ ចំពោះលទ្ធផលដ៏ល្អប្រសើរ នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ។

សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងភាពជិតស្និទ្ធ​ នៃទំនាក់ទំនងរវាងកងទ័ព នៃប្រទេសទាំងពីរ និងបានគាំទ្រការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ពកម្ពុជា-ឡាវ ជាពិសេសការផ្លាស់ប្ដូរដំណើរទស្សនកិច្ចនាយទាហានជាន់ខ្ពស់ ការបង្កើនការបណ្តុះបណ្តាលសិក្ខាកាម ការធ្វើលំហាត់ហ្វឹកហ្វឺនរួមគ្នា សម្រាប់ការជួយសង្គ្រោះក្នុងគ្រាមានគ្រោះមហន្តរាយ ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរគ្រឿងញៀន ។

សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យកងទ័ព នៃប្រទេសទាំងពីរ បន្តរក្សាមិត្តភាព សាមគ្គីភាព និងកិច្ចសហការ នៅតាមបណ្តាខេត្តជាប់ព្រំដែន និងពិភាក្សាស្វែងរកនូវសកម្មភាពថ្មីៗ សំដៅផ្លាស់ប្តូរបទពិសោធន៍ ដែលនឹងរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ឡាវ លើគ្រប់វិស័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here