ដោយ: គង់ លាងហួរ
អន្តរជាតិ: រដ្ឋបាលកោះបាលី ប្រទេសឥណ្ឌូនេស៊ីបានប្រកាសឈ្មោះដៃគូវិនិយោគ លើការអភិវឌ្ឍន៍គម្រោងផ្លូវរថភ្លើងក្រោមដី“Bali Subway” ដែលមានទំហំទុនវិនិយោគសរុបចំនួន២០ពាន់លានដុល្លារ។
លោក Ari Askhara ដែលជាអ្នកទទួលបន្ទុកគ្រប់គ្រងគម្រោងនេះ បានមានប្រសាសន៍ឱ្យដឹងថា ភាគីរបស់លោក និងដៃគូអ្នកវិនិយោគ នឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវរថភ្លើងក្រោមដីទាំងអស់ជាដំណាក់កាលៗ។
លោកបានកត់សម្គាល់ថា “បន្ទាប់ពីបានឆ្លងកាត់ការវាយតម្លៃ និងការពិគ្រោះយោបល់រួចមក យើងបានជ្រើសរើសវិនិយោគិន ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ គឺក្រុមហ៊ុន PT Bumi Indah Prima ជាវិនិយោគិនមេ ដែលអាចសម្របសម្រួលក្រុមអ្នកវិនិយោគដទៃផ្សេងឱ្យចូលរួមបន្ថែមទៀត”។
ការអភិវឌ្ឍន៍គម្រោងផ្លូវដែកក្រោម ដីនៅកោះបាលីនេះ នឹងត្រូវបានបែងចែកទៅជា៤ដំណាក់កាល។ ក្នុងនោះដំណាក់កាលទី១ និងទី២គ្រោងនឹងបញ្ចប់នៅឆ្នាំ២០៣១ ជាមួយនឹងទំហំទុនវិនិយោគ ចំនួន១០,៨ពាន់លានដុល្លារអាមេរិក។
ដំណាក់កាលទី១ គឺជាការសាងសង់ផ្លូវដែកក្រោមដីចេញពីអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai ទៅកាន់រមណីយដ្ឋានCanggu ស្ថិតនៅឆ្នេរសមុទ្រភាគខាងត្បូងកោះបាលី។ ដំណាក់កាលទី២ តភ្ជាប់រវាងអាកាសយានដ្ឋាន Ngurah Raiដដែល ទៅកាន់តំបន់ឆ្នេរ Nusa Dua។
ចំណែកដំណាក់កាលទី៣ នឹងត្រូវបានតភ្ជាប់ទៅកាន់តំបន់ Sanur ស្ថិតនៅភាគអាគ្នេយ៍នៃកោះបាលី ខណៈដំណាក់កាលទី៤ នឹងត្រូវបានសាងសង់ លើផ្លូវឆ្ពោះទៅកាន់ទីក្រុង Ubud នៅតំបន់ខ្ពង់រាបកោះបាលី។
ទន្ទឹមនឹងនេះដែរ លោក Sang Made Mahendra Jaya អភិបាលស្តីទីរបស់កោះបាលី បានក្រើនរំលឹកដល់បណ្តាអ្នកវិនិយោគឱ្យយកចិត្តទុកដាក់ ចំពោះសហគមន៍មូលដ្ឋាន នៅពេលចាប់ផ្តើមស្ថាបនា គម្រោងតម្លៃ២០ពាន់លានដុល្លារមួយនេះ។
លោកបានសម្តែងក្តីសង្ឃឹមថា ការអភិវឌ្ឍគម្រោងផ្លូវដែកក្រោមដីនៅកោះបាលី នឹងស្រូបយកកម្មករក្នុងស្រុកឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយតម្លៃសំបុត្ររថភ្លើង មិនត្រូវមានតម្លៃថ្លៃ សម្រាប់ប្រជាជនដែលរស់នៅ កោះបាលីនោះទេ៕ប្រភព: Tempo៕