ដោយ: គង់ លាងហួរ
អន្តរជាតិ: សិង្ហបុរីកំពុងបន្តសាងសង់តំបន់ពាណិជ្ជកម្មថ្មីមួយទៀត ដោយប្រសិទ្ធិនាមឈ្មោះថា ជាសង្កាត់“Punggol Digital”ដើម្បីជំរុញកំណើនឧស្សាហកម្មសេដ្ឋកិច្ចឌីជីថលក្នុងស្រុក។
តំបន់ពាណិជ្ជកម្មថ្មីនេះត្រូវបានសាងសង់យកគម្រូតាមមជ្ឈមណ្ឌលបច្ចេកវិទ្យា Silicon Valley នៅសហរដ្ឋអាមេរិក ។ ទន្ទឹមនឹងនេះ គម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ខ្សែរថភ្លើង Cross Island Line នឹងរត់ក្នុងទិសដៅពីកើតទៅលិច ពីអាកាសយានដ្ឋាន Changi ទៅកាន់តំបន់ឧស្សាហកម្ម Jurong។
សង្កាត់“Punggol Digital”គ្របដណ្តប់លើទីក្រុងលំនៅដ្ឋានរដ្ឋ (HDB) ដែលបានបង្កើតឡើងជាយូរយារ ដូចជាតំបន់់លំនៅដ្ឋាន Ang Mo Kio និងតំបន់ Bishan បូករួមទាំងតំបន់អចលនទ្រព្យលូតលាស់ថ្មីដូចជា Lentor ។
-->
ផែនការអភិវឌ្ឍន៍សង្កាត់ខាងលើនេះ រួមមានទាំងការសាងសង់តំបន់លំនៅដ្ឋានថ្មី ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងរយៈពេលជាច្រើនឆ្នាំខាងមុខ សំដៅផ្តោតលើបច្ចេកវិទ្យាឌីជីថល។ សង្កាត់លាតសន្ធឹងលើផ្ទៃដីទំហំ៥០ហិកតានេះ ត្រូវបានផ្តួចផ្តួចឡើងនៅក្នុងឆ្នាំ២០១៨ និងត្រូវបានគេចាត់ទុកជា សង្កាត់ពាណិជ្ជកម្មឆ្លាតវៃដំបូងបង្អស់របស់ប្រទេសសិង្ហបុរី។
បន្ថែមពីលើការអភិវឌ្ឍន៍ឧស្សាហកម្មលំនៅដ្ឋាន ការបង្កើនសន្តិសុខតាមអុីនធឺណេត និងបច្ចេកវិទ្យាឌីជីថល សង្កាត់ Punggol Digital នឹងក្លាយជាគោលដៅរស់នៅដ៏សម្បូរបែប និងមានទីធ្លាបៃតងសម្រាប់សហគមន៍លំនៅដ្ឋាន។
សកម្មភាពសហគមន៍មួយចំនួន រួមមានសួនកុមារសាធារណៈ ភូមិផ្សារថ្មីដែលផ្តល់ជូនជម្រើសលក់រាយ និងអាហារ ក៏ដូចជាផ្លូវលំចម្ងាយ១,៣គីឡូម៉ែត្រ ដែលមានដើមឈើដុះអមដងផ្លូវ តភ្ជាប់ពីឧទ្យាន Punggol Waterway ទៅកាន់ឧទ្យាន Punggol Point។
សិង្ហបុរីក៏គ្រោងសាងសង់សណ្ឋាគារជាប់មាត់ទឹកថ្មីមួយ ដែលមាន២០០បន្ទប់នៅខាងមុខកោះ Coney ជាផ្នែកមួយនៃផែនការមេអភិវឌ្ឍន៍សង្កាត់ Punggol Digital។
ចំណុចលេចធ្លោនៃសង្កាត់នេះ រួមមានអគារពាណិជ្ជកម្មចំនួន៨ ដែលមានទំហំការិយាល័យ និងសួនពាណិជ្ជកម្មប្រហែល១,៩លានហ្វីតការ៉េ ខណៈរដ្ឋាភិបាលសង្ឃឹមថា នឹងអាចបង្កើតការងារបាន២៨.០០០កន្លែង៕ប្រភព:Edgeprop ៕