ដោយៈ គង់ សូរិយា
ភ្នំពេញៈ ស្របពេលទីផ្សារអចលនវត្ថុ បន្តស្ថិតក្នុងសភាពមិនច្បាស់លាស់ ការសម្លឹងរកវិស័យផ្សេង ដើម្បីវិនិយោគជាឱកាសមួយ ដែលអ្នកវិនិយោគនានា គួរសម្លឹងនិងផ្តោតជាចម្បង។
យោងតាមការព្យាករណ៍ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យកម្ពុជា អាចមានឱកាសងើបឡើងវិញ ក្នុងរង្វង់ជាង១ភាគរយប៉ុណ្ណោះនៅឆ្នាំ២០២៤នេះ។
-->
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានKW Cambodiaនិងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាងបានមានប្រសាសន៍ថា ការវិនិយោគលើអចលនវត្ថុ មានផលចំណេញទាបជាងមុន និងហានិភ័យខ្ពស់ជាងមុនផងដែរ ដោយទីផ្សារនេះ សម្បូរអ្នកវិនិយោគរកផលចំណេញច្រើនជាងអ្នកទិញពិតប្រាកដ។

លោកបានលើកជាឧទាហរណ៍ពីស្ថានភាព ទីផ្សារអចលនទ្រព្យ ធៀបនឹងបឹងមួយមានត្រី១០០០ក្បាល មានអ្នកចាប់ត្រឹម១០នាក់ ប៉ុន្តែបច្ចុប្បន្នទំហំបឹងនៅដូចពីមុន បរិមាណត្រីដូចពីមុន ប៉ុន្តែចំនួនអ្នកចាប់បានកើនឡើងដល់១០០នាក់។
ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកទីផ្សារមូលបត្រកម្ពុជា លោកហុង សុហួរ បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា ទីផ្សារអចលនទ្រព្យ ជាទីផ្សារមានការពេញនិមួយមួយក្នុងការវិនិយោគ ក្នុងប៉ុន្មានទសវត្សរ៍មកនេះ ប៉ុន្តែដោយសារភាពមិនច្បាស់លាស់ក្នុងវិស័យនេះ បានធ្វើឲ្យអ្នកវនិយោគមួយចំនួន បានងាកមកកាន់ទីផ្សារមួលបត្រ ច្រើនជាងមុន ដែលវិស័យមូលបត្រជាវកិស័យមួយ មិនសូវមានហានិភ័យខ្ពស់ និងមានឱកាសរកផលចំណេញ មិនចាញ់វិស័យអចលនវត្ថុឡើយ។
លោកបន្តថា “ការវិនិយោគលើវិស័យអ្វី ក៏មានហានិភ័យដែរ បើយើងគិតពីហានិភ័យ ប៉ុន្តែវិស័យមូលបត្រមានហានិភ័យទាប និងមានឱកាសរកប្រាក់ចំណេញ បានលឿនជាងវិស័យអចលនទ្រព្យ”។
ជាមួយគ្នានេះ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា បានមានប្រសាសនថា “ស្របពេលអាជីវកម្មជាច្រើន កំពុងប្រឈមមុខនឹងបញ្ហា ខ្ញុំគិតថាការវិនិយោគ លើឧបករណ៍និស្សន្ទជាជម្រើសថ្មី សម្រាប់ប្រជាពលរដ្ឋកម្ពុជា”។
លោកបន្តថា ប៉ុន្តែដើម្បីបញ្ចៀសហានិភ័យ ពីការវិនិយោគលើវិស័យនេះ អ្នកវិនិយោគត្រូវសិក្សាលំអិត លើបទបញ្ញត្តិ របស់និយ័តករមូលបត្រកម្ពុជា ក៏ដូចជានិតិវិធីក្នុងការវិនិយោគ និងភាពស្របច្បាប់ របស់ក្រុមហ៊ុនផ្តល់សេវាកម្ម លើឧបករណ៍នេះផងដែរ។
ទាក់ទងនឹងរឿងអាស្រូវកន្លងមក លោក យិន លាងគង់ បានបន្តដោយពន្យល់ថា មែនទែនទៅលោកបានសិក្សាស្វែងយល់ពីទីផ្សារនេះមួយរយៈកាលហើយ ពិសេសតាមរយៈការចូលរួមសិក្ខាសាលានេះ ធ្វើឲ្យលោកដឹងថាអ្វីដែលកើតមានរឿងអាស្រូវកន្លងមក ដោយសារតែអ្នកវិនិយោគមិនបានយល់ច្បាស់ពីបទបញ្ញត្តិ និងចំណេះដឹងក្នុងការជួញដូរ ស្របពេលភ្នាក់ងាររបស់ក្រុមហ៊ុនមួយចំនួន មានចំណេះដឹងមិនច្បាស់លាស់ និងមិនបានផ្តល់ព័ត៌មាន គ្រប់ជ្រុងជ្រោយសម្រាប់វិនិយោគិន។
លោក យិន លាងគង់ បានបញ្ជាក់ថា ការវិនិយោគលើទីផ្សារឧបករណ៍និស្សន្ទ មិនអនុញ្ញាត្តឲ្យភ្នាក់ងារ ឬបុគ្គលិកក្រុមហ៊ុនណាមួយ អាចវិនិយោគឬ បញ្ជា ទិញ លក់ជំនួសអតិថិជនរបស់ខ្លួនឡើយ ។ ពិសេសអ្នកវិនិយោគ មិនអាចបាញ់លុយឬទំហំថវិកាណាមួយ ដល់ភ្នាក់ងារក្រុមហ៊ុនFOREX ឬក្រុមហ៊ុនឈ្មួញជើងសារឧបករណ៍និស្សន្ទ ដោយផ្ទាល់ ដោយមិនបានបើកគណនីផ្ទាល់ខ្លួនឡើង ព្រោះការធ្វើបែបនេះ គឺខុសនឹងបទបញ្ញត្តិរបស់វិស័យនេះ។
លោកបន្តថា “លើសពីនេះ អ្នកវិនិយោគត្រូវតែសិក្សាបទបញ្ញត្តិច្បាប់ឲ្យបានត្រឹមត្រូវជាមុន”។
ជាមួយគ្នានេះលោកស្រីប៊ុន សុវ៉ាត់ឌី ប្រធានក្រុមហ៊ុនBIC Markets បានមានប្រសាសន៍ថា ដោយឈរជើងយ៉ាងរ៉ឹងមាំ លើទីផ្សារអស់រយៈពេលជាយូរមកហើយ ក្រុមហ៊ុនBICតែងតែរួមចំណែកជម្រុញការអភិវឌ្ឍទីផ្សារនេះ ជាមួយការបណ្តុះបណ្តាលធនធានមនុស្សផ្ទៃក្នុងក្រុមហ៊ុន និងដល់សាធារណៈជន៕


