ដោយៈ គង់ សូរិយា
មណ្ឌលគិរីៈ ក្រុមម្ចាស់ដីជាច្រើន បានចាប់ផ្តើមដំឡើងថ្លៃដីរបស់ខ្លួនបន្តបន្ទាប់ ក្នុងរយៈពេលមួយខែចុងក្រោយនេះ បន្ទាប់ពីពួកគេលេចលឺ មានវត្តមានអ្នកវិនិយោគចិន នឹងបើកកាស៊ីណូនៅខេត្តមួយនេះ។
ស្របពេលការលេចលឺ និងពាក្យចចាមអារ៉ាមផ្សព្វផ្សាយជាបន្តបន្ទាប់នេះ ម្ចាស់ដីបានចាប់ផ្តើមដំឡើងថ្លៃដីមួយគុណនឹងពីរ និងកន្លែងខ្លះដំឡើងតម្លៃមួយ គុណនឹងបីរួចទៅហើយ។
-->
អគ្គនាយកក្រុមហ៊ុនឆៃលីន ស៊ា រៀលធី លោកស៊ា ឆៃលីនបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីល្ងាចថ្ងៃទី៨ សីហាកន្លងមកថា ស្របពេលមានការលេចលឺវត្តមានចិន ចូលទៅកាន់ខេត្តនេះ ម្ចាស់ដីជាច្រើនបានដំឡើងថ្លៃដីរបស់ពួកគេ ដោយអ្នកខ្លះបានដាក់លក់ក្នុងតម្លៃពី៨ ដល់១៩ ឬ២០ដុល្លារអាមេរិក។
លោកបន្តថា “ម្ចាស់ដីខ្លះ នៅពេលមានការកក់ដី ពួកគេបានដំឡើងថ្លៃមួយគុណនឹងពីរ”។ លោកបន្ថែមថា “សញ្ញាដូចពពុះសាប៊ូ បានចាប់ផ្តើមកើនឡើងសាជាថ្មី នៅក្នុងខេត្តមណ្ឌលគិរី”។
ប្រធានសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA)លោកយិន លាងគង់ បានមានប្រសាសន៍ឲ្យដឹងផងដែរថា ការកើនឡើងបែបនេះ បាននិងកំពុងហុចផលត្រលប់ពីរយ៉ាង ទី១ ប្រសិនជាអ្នកវិនិយោគចិនចូលទៅ កាន់ទឹកដីនេះច្រើនអាចជាការល្អ សម្រាប់អ្នកវិនិយោគឆក់យកឱកាស ប៉ុន្តែអ្នកវិនិយោគចិន ពួកគេបានស្គាល់និន្នាការ និងរៀនចេះពីនិន្នាការនេះ នៅក្រុងព្រះសីហនុរួចហើយ។

ទី២ ការកើនឡើងតាមតែការចង់បានរបស់ម្ចាស់ដី នឹងហុចផលអាក្រក់ទៅពួកគេជំនួសវិញ ដោយសារហេតុផលជាច្រើនដូចជា ពួកគេនឹងបន្តជាប់គាំងដីធ្លី រយៈពេលវែងបន្តទៀត ព្រោះបច្ចុប្បន្នលំបហូរសាច់ប្រាក់ ពីបរទេសចូលមកកម្ពុជា បានជាប់គាំងរួចទៅហើយ។ អ្នកវិនិយោគក្នុងស្រុក ពួកគេនឹងមិនសម្រេចចិត្តបង្ហូរលុយច្រើន ដើម្បីធ្វើឲ្យមានពពុះសាប៊ូម្តងទៀតទេ។ អ្នកវិនិយោគដែលមានលំហូសាច់ប្រាក់ច្រើន ឬនៅសល់សាច់ប្រាក់ សម្រាប់ក្រឡុកទីផ្សារ ពួកគេបានជាប់គាំងសាច់ប្រាក់ភាគច្រើនរួចទៅហើយ។ ជាមួយគ្នានេះ អ្នកវិនិយោគចិន ពួកគេបានស្គាល់ទីផ្សារនេះរួចទៅហើយ ខណៈចំនួនអ្នកលក់បានកើនឡើងកាន់តែច្រើន ប៉ុន្តែអ្នកទិញមានចំនួនថយចុះ។
លោកយិន លាងគង់បានបន្តថា “ការទាមទារតម្លៃខ្ពស់ និងដាក់តម្លៃកើនឡើង តាមការចង់បានរបស់ម្ចាស់ដី អាចបង្កហានិភ័យ ជាជាងផលចំណេញរយៈពេលវែង ដែលពួកគេគួរពិចារណា”។លោកបន្តថា “លំហូរចូលរបស់អ្នកវិនិយោគចិន ជារឿងល្អ សម្រាប់តំបន់ភូមិភាគឥសាន្ត ពិសេសបណ្តាខេត្តស្ថិតនៅក្នុងតំបន់CLV”។
ម្ចាស់ដីមួយរូបនៅខេត្តមណ្ឌលគិរី ដែលបច្ចុប្បន្នកំពុងបំពេញការងារ នៅក្នុងកងយោធពលខេមរៈភូមិន្ទ បានបញ្ជាក់ឲ្យដឹងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា លោកមានដីជិត២០០ហិកតា ប៉ុន្តែលោកមិនដឹងដាក់លក់ ក្នុងតម្លៃប៉ុណ្ណាឡើយ មានតែអ្នកមកទិញ បើពួកគេស្រលាញ់ ពួកគេអាចតតម្លៃបាន។
លោកមិនរំពឹងថា “តម្លៃដីនឹងកើនឡើងខ្ពស់នោះទេ បើទោះជាលោកដឹងថា វត្តមានចិនបានមកដល់ខេត្តមណ្ឌលគិរីបណ្តើរៗក្តី”។
ការពិចារណាលើទិដ្ឋភាពខាងលើ អាចជាជម្រើសនៃការសម្រេចចិត្តមួយ សម្រាប់ផលចំណេញរយៈពេលវែង និងប្រកបដោយនិរន្តរភាព ព្រោះតម្លៃដីខ្ពស់ពេក ក៏បង្កជាឧបសគ្គដល់ការវិនិយោគផងដែរ៕
