ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) បាននិងកំពុងរៀបចំវីដេអូ ដើម្បីផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យនៅរាជធានី ខេត្តចំនួន២៥នាពេលឆាប់ៗខាងមុខនេះ។
ជាក់ស្តែងកាលពីពេលថ្មីៗនេះ ថ្នាក់ដឹកនាំសមាគមនេះ និងសមាជិក សមាជិកាបានធ្វើដំណើរទស្សនកិច្ច ដើម្បីធ្វើសកម្មភាពសម្បុរសធ៌ម និងផ្សព្វផ្សាយពីសក្តានុពលសេដ្ឋកិច្ច ទេសចរណ៍ ពិសេសអចលនទ្រព្យនៅក្នុងខេត្តសៀមរាប។
-->
លោកស្រី តាំង ហួរ អនុប្រធានសមាគម CVEA និងជាអ្នកផ្ដួចផ្ដើមដំណើរទស្សនៈកិច្ចខាងលើបានឲ្យដឹងនាសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី៩ សីហាកន្លងមកថា គោលបំណងនៃដំណើរទស្សនៈកិច្ចរបស់សមាគម CVEA នេះគឺចង់ផ្សព្វផ្សាយពីប្រទេសកម្ពុជារបស់យើង ទៅកាន់ពិភពលោកឲ្យបានស្គាល់កាន់តែច្រើន ហើយដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគអន្តរជាតិ។
លោកស្រីបន្តថា “ការជ្រើសរើសខេត្តសៀមរាប ដោយសារខេត្តនេះ ជាបណ្តុំនៃគុណតម្លៃវប្បធ៌ម និងអរិយធ៌មខ្មែរដែលពិភពលោកបានស្គាល់ប្រាសាទអង្គរ”។ លោកស្រីបន្តថា ប្រទេសកម្ពុជាមានរាជធានី ខេត្តចំនួន២៥ ហេតុនេះការរៀបចំដំណើរទស្សនកិច្ច និងវីដេអូនាពេលខាងមុខ ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការផ្សព្វផ្សាយ និងទាក់ទាញអ្នកវិនិយោគមកកាន់ប្រទេសកម្ពុជាផងដែរៗ។
លោកស្រីបញ្ជាក់ថា នៅពេលភ្ញៀវទេសចរ ឬអ្នកវិនិយោគបានស្គាល់ និងបានឃើញប្រទេសកម្ពុជា ពិសេសតំបន់ទេសចរណ៍សំខាន់ៗនៅទូទាំង២៥ ខេត្ដ-ក្រុងនោះ ពួកគាត់អាចនឹងចាប់អារម្មណ៍វិនិយោគទៅលើវិស័យដីធ្លី និងអចលនវត្ថុផ្សេងៗទៀតនៅថ្ងៃនាគត។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងប្រធានក្រុមហ៊ុនCPL និងជាក្រុមប្រឹក្សាភិបាលសមាគមCVEA បានមានប្រសា សន៍ឲ្យដឹងផងដែរថា កម្ពុជាមានសក្តានុពលណាស់លើការអភិវឌ្ឈន៍វិស័យទេសចរណ័ និងអចលនទ្រព្យ ហើយវិស័យអចលនទ្រព្យ នឹងងើបឡើងវិញនាពេលខាងមុខ ប៉ុន្តែអ្វីសំខាន់នាពេលនេះ យើងចង់ផ្តល់ទំនុកចិត្តដល់ទីផ្សារ ផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគជាតិ អន្តរជាតិ ដើម្បីឲ្យពួកគេបោះទុនវិនិយោគនៅកម្ពុជា។
លោកបន្តថា “បើសិនវិស័យទេសចរណ៍ នៅខេត្តសៀមរាប និងរាជធានី ខេត្តដទៃទៀត រីកចម្រើន វានឹងទាក់ទាញបាននូវក្រុមហ៊ុនវិនិយោគ និងធ្វើឲ្យតម្លៃ និងទីផ្សារអចលនវត្ថុងើបឡើងវិញលឿន”។ លោកបន្តថា “បើវិស័យអចលនទ្រព្យមានបញ្ហា វាក៏នឹងរាលដាល ប៉ះពាល់ដល់វិស័យដទៃផងដែរ ហេតុនេះ ទើបយើងជម្រុញឲ្យមានការអនុវត្តន៍ច្បាប់”៕

