ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រុមអ្នកជំនាញជើងចាស់ បានបង្ហាញសុទិដ្ឋិនិយម ពីទីផ្សារអចលនទ្រព្យសម្រាប់ពេលអនាគត ដែលនឹងមានឱកាសរីកចម្រើនបន្តទៀត។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCPL លោកឧកញ៉ាចេង ខេង បានមានប្រសាសន៍ឲ្យដឹង កាលពីចុងសប្តាហ៍មុនថា អ្នកណាក៏រស់នៅជាមួយអចលនវត្ថុ ដែលអ្នកណាក៏រស់នៅលើផ្ទះ ដែរ ព្រោះវិស័យនេះ វាផ្សារភ្ជាប់ជាមួយនឹងការរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។
លោកបញ្ជាក់ថា “បើវិស័យនេះធ្លាក់ចុះ វិស័យអ្វីផ្សេងទៀតក៏ធ្លាក់ចុះ”។ លោកឧកញ៉ាបានបន្ថែមថា “ឲ្យតែយើងវិនិយោគ លើអចលនវត្ថុ ទោះវាមិនល្អនាពេលនេះ តែវានឹងប្រសើរមកវិញ ប្រៀបដូចយើងកាត់សក់ តែសក់វានឹងដុះមកវិញ”។
ជាមួយគ្នានេះ លោកឧកញ៉ាចេង ខេងបានលើកទឹកចិត្តឲ្យអ្នករកស៊ីនៅក្នុងវិស័យនេះ ចូលរួមគោរពច្បាប់ ដើម្បីផ្តល់ទំនុកចិត្តដល់ទីផ្សារ ព្រោះបើសិនជាអ្នកមិនគោរពច្បាប់ ទៅបោកប្រាស់អ្នកវិនិយោគ គេនឹងនិយាយតៗគ្នាអាក្រក់ពីយើង ដែលនឹងធ្វើឲ្យប៉ះពាល់ ដល់ទំនុកចិត្តរយៈពេលវែង និងធ្វើឲ្យវិស័យនេះ បន្តរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ។
ចំណែកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកសន សៀបបានមានប្រសាសន៍ថា កម្ពុជានៅតែមានសក្តានុពលទូលំទូលាយ លើវិស័យអចលនទ្រព្យ ពិសេសនៅរាជធានីភ្នំពេញ ខេត្តសៀមរាប សៀមរាប និងខេត្តកំពតជាដើម។
លោកបន្តថា “ស្ថានភាពអចលនទ្រព្យ មានវដ្តជីវិតរបស់វា ហើយបញ្ហាដែលយើងជួបបច្ចុប្បន្ន ដោយសារយើងមានបញ្ហាកូវីដ សង្រ្គាម និងវិបត្តិសេដ្ឋកិច្ចសកល”។ លោកបន្តថា ទោះជាយ៉ាងណា ទីផ្សារនេះនឹងមានភាពល្អប្រសើរ ត្រលប់មកវិញនាពេលខាងមុខ”។
លោកបន្តថា អ្វីដែលយើងកំពុងផ្តោត គឺក្នុងនាមសមាគម និងក្រុមហ៊ុន ដែលមានជំនាញនៅក្នុងវិស័យនេះ ជាអ្វីដែលត្រូវ ពង្រឹងផ្នែកខាងក្នុងរបស់យើង”។ លោកបន្តថា “ជាមួយគ្នានេះ យើងផ្តោតលើការផ្សព្វផ្សាយ ពីសក្តានុពលសេដ្ឋកិច្ច និងអចលនទ្រព្យនៅតាមបណ្តាខេត្ត មានសក្តានុពលនានា ពិសេសការពង្រឹងច្បាប់ ជាកិច្ចការដែលយើងត្រូវធ្វើ ដើម្បីបង្កើតទំនុកចិត្ត ព្រោះអ្វីៗវានឹងត្រលប់មកវិញនៅក្នុងទីផ្សាររបស់យើង”៕