ដោយគង់ ៖ សូរិយា
នៅពេលនិយាយពីឈ្មោះគាត់ក្នុងវិស័យអចលនទ្រព្យ អ្នកណាក៏ស្គាល់លោកឧកញ៉ា សៀ រិទ្ធី ដែរ លោកជាប្រធានក្រុមប្រឹក្សានៃក្រុមហ៊ុន World Bridge Group និងក្រុមហ៊ុនជាច្រើនទៀត ដែលសុទ្ឋតែបានទទួលជោគជ័យ និងជាអ្នក អភិវឌ្ឍន៍អចលនទ្រព្យដ៏ជោគជ័យមួយរូប ក្នុងចំណោមអ្នកជោគជ័យជាច្រើនទៀត។
តើលោកឧកញ៉ា សៀ រិទ្ធី មានផែនការ និងយុទ្ឋសាស្រ្តអ្វីខ្លះដើម្បីជោគជ័យក្នុងការវិនិយោគរបស់ខ្លួន ហើយតើលោកមានអ្វីអាចចែករំលែកជាមួយអ្នកដទៃទៀត? ឧកញ៉ារូបនេះបានថ្លែងឲ្យដឹងកាលពីពេលថ្មីៗនេះថា បើនិយាយពីយុទ្ឋសាស្រ្តនៃការធ្វើជំនួញ អ្នកធ្វើជំនួញសំខាន់បំផុត គឺត្រូវគិតពីតម្រូវការទីផ្សារមានឬនៅ? បើយើងសិក្សាថាមានទីផ្សារហើយ យើងត្រូវសិក្សាពីធនធានមនុស្ស តើយើងមានធនធានមនុស្សសម្រាប់ធ្វើការងារឬអត់? បន្ទាប់មកយើងត្រូវមើលលើទុនវិនិយោគរបស់យើង ព្រោះបើយើងមានលុយដេកស្រម័យទៅ។
-->
លោកឧកញ៉ាបន្តថា “បើធ្វើជំនួញថាមិនចាំបាច់មានលុយ អ្នកគិតបែបនោះគឺខុសហើយ គឺហោចណាស់ក៏ត្រូវមានដើមទុនខ្លះដែរ ព្រោះធនាគារមិនឲ្យយើងខ្ចី១០០ភាគរយទេ”។ លោកបន្តថា “កាលណាយើងមានបីចំណុចខាងលើហើយ ដើមទុនយើងមិនដល់ យើងក៏ត្រូវរកដៃគូមកធ្វើជាមួយ ព្រោះការមានដៃគូយើងចំណេញច្រើន ដូចជាបទពិសោធន៍ ថវិកា តែចំណុចសំខាន់គឺទុនវិនិយោគ ដែលខ្មែរយើងត្រូវយកចិត្តទុកដាក់១០០ភាគរយ”។
លោកឧកញ៉ា សៀ រិទ្ធី បានបន្តថា អ្វីសំខាន់យើងត្រូវដឹងតម្រូវការនៅកន្លែង ណា បើយើងដឹងពីតម្រូវការហើយ យើងទៅរកដៃគូមិនពិបាកនោះទេ ព្រោះអ្នកវិនិយោគនៅបរទេស គេមិនដឹងថាតម្រូវការទីផ្សារយើងនៅកន្លែងណាទេ តែបើយើងពឹងលើទីផ្សារស្រុកគេ គេមិនសហការជាមួយយើងទេ។
តើធ្វើដូចម្តេចដើម្បីឲ្យគេយល់ព្រមចាប់ដៃគូជាមួយយើង នៅពេលយើងមានទុនវិនិយោគហើយ និងដឹងពីតម្រូវការទីផ្សាររួចហើយ? លោកឧកញ៉ា សៀ រិទ្ធី បានពន្យល់ថា ចំណុចនេះយើងត្រូវមានកេរ្ត៍ឈ្មោះល្អ តើយើងជាមនុស្សល្អក្នុងសង្គម ក្រុមហ៊ុនយើងជាក្រុមហ៊ុនមានប្រវត្តិល្អ មានតម្លាភាព ក្រុមហ៊ុនដែលអនុវត្តន៍តាមគោលការណ៍ច្បាប់របស់រដ្ឋាភិបាល ទើបគេមករកស៊ីជាមួយយើង។ មិនមែនគេមកតែយើងគ្មានបញ្ជីរស្នាម បង់ពន្ឋក៏មិនបង់ គេមិនរកស៊ីជាមួយយើងនោះទេ ពោលគឺត្រូវសំអាតខ្លួនរបស់ខ្លួនឲ្យបានស្អាត។
លោកបន្តថា “ខ្ញុំជោគជ័យសព្វថ្ងៃ ដែលគេមករកខ្ញុំ ដោយសារខ្លួនខ្ញុំពូកែ ខ្ញុំធ្វើអ្វីមួយច្បាស់លាស់”៕