តម្លៃដីធ្លីនៅក្រុងកែបចាប់ផ្តើមកញ្រ្ជោលឡើង

0

ដោយ គង់ សូរិយា
​ភ្នំពេញ ជាមួយកំណើននៃការទិញលក់ បានធ្វើឲ្យតម្លៃដីនៅក្នុងក្រុងកែបកើនឡើងយ៉ាងគំហុកនៅឆ្នាំនេះ ដោយសារលំហូរនៃអ្នកវិនិយោគក្នុងស្រុកនិង ជនបរទេស។

​អគ្គនាយកក្រុមហ៊ុនEasy Property Investmentលោកម៉ម សិរីបញ្ញាបានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី៧ ធ្នូនេះថា សកម្មភាពនៃការទិញលក់ដី​នៅក្រុងកែប និងតំបន់ជុំវិញបានកើនឡើងចន្លោះពី៣០ទៅ៤០ភាគរយ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលធ្វើឲ្យតម្លៃដីធ្លីនៅខេត្តនេះ ក៏បានកើនឡើង ប្រហាក់ប្រហែលគ្នានេះផងដែរ។លោកបន្តថា បច្ចុប្បន្នដីនៅតំបន់ឆ្នេរក្នុង​ខេត្តនេះមានតម្លៃចន្លោះពី២០០ ទៅ៤០០ដុល្លារអាមេរិក តំបន់ភ្នំមានតម្លៃក្រោម​១០០ដុល្លារ និងតំបន់ជាយៗមានតម្លៃចន្លោះពី៥ ទៅ៨០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ អាស្រ័យលើទីតាំង សណ្ឋានដី និងទំហំដីជាក់ស្តែង។

​លោកបន្តថា “ខ្ញុំគិតថាដីនៅក្នុងខេត្តនេះ ពិសេសតំបន់ក្នុងក្រុងនឹងកើនឡើ​ងខ្ពស់បន្ថែមទៀតនាពេលអនាគត ដោយសារខេត្តនេះមានភាពអំណោយផលលើបរិស្ថាន ជាតំបន់ប្រវត្តិសាស្រ្ត និងអាចក្លាយជាតំបន់លំហែកាយបែបឯកជន​របស់ពពួកអភិជនបរទេសនាពេលអនាគត”។លោកបន្តថា “ក្រុងកែប ស័ក្តិសមជា​តំបន់លំហែកាយ អភិវឌ្ឍន៍ជារមណីយដ្ឋាន និងវីឡាប្រណីតបែបឯកជនដូចកោះបាលី និងកោះភូកេតជាដើម”។

​លោកម៉ម សិរីបញ្ញាបានបន្តថា ខេត្តកែប មិនអាចធៀបជាមួយខេត្តព្រះសីហនុ​ទេ ប៉ុន្តែខេត្តនេះមានសក្តានុពលខុសៗគ្នា ហើយដីធ្លីក្នុងខេត្តព្រះសីហនុក៏កំពុងឡើងថ្លៃផងដែរ ដោយសារកំនើននៃការវិនិយោគ របស់អ្នកវិនិយោគមកពីប្រទេ​សចិន។

​កាលពីពេលថ្មីៗនេះ ខេត្តកែបបានទទួលពានរង្វាន់ពីគណកម្មការវាយតម្លៃទីក្រុងស្អាតរបស់អាស៊ាន ដែលបានផ្តល់ឲ្យខេត្តនេះនូវសូចនាករចំនួនបី គឺដីស្អាត ខ្យល់ស្អាត និងទឹកសមុទ្រស្អាត។ ក្នុងចំណោមរាជធានី ខេត្តទាំង២៥ មានតែខេត្តកែបមួយប៉ុណ្ណោះ ដែលមានឧទ្យានជាតិកណ្តាលក្រុង។

​លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងថា ខេត្តកែបពិតជាមានលក្ខណៈពិសេសជាច្រើន ដែលពេលយើងទៅដល់ មិនចង់ត្រលប់មកវិញនោះទេ ដោយសារតែខេត្តនេះមានបរិស្ថានល្អប្រសើរ មាន​ព្រៃឈើដ៏ស្រស់ស្អាត មានអាហារសមុទ្រដ៏មានឳជារស ធៀបជាមួយខេត្តដទៃទៀត។

​លោកស្រីបន្តថា “ខ្ញុំរំពឹងថាខេត្តកែប មិនមានការស៊ីណូនោះទេ ហើយការអភិវឌ្ឍខេត្តនេះ គួរកុំឲ្យមានកាស៊ីណូ និងថែររក្សាឲ្យបាននូវបរិស្ថានដ៏ល្អរបស់​ខេត្តនេះ”។
​ប្រធានសហព័ន្ឋទេសចរណ៍កម្ពុជាលោកធួន ស៊ីណានដែលបានវិនិយោគ​លើវិស័យបដិសណ្ឋារកិច្ចក្នុងខេត្តនេះបានថ្លែងថា ការឡើ​ងតំលៃដីបានធ្វើឲ្យប៉ះពាល់ដល់លំហូរវិនិយោគទៅកាន់ខេត្តនេះ ជាក់ស្តែងមាន​អ្នកវិនិយោគជាច្រើនបានចាកចេញ ដោយសារពួកគេមិនមានទុនគ្រប់គ្រាន់សំរាប់វិនិយោគ។

លោកបន្តថា “ការឡើងថ្លៃតំលៃដីធ្លី ជា​ការផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋមូលដ្ឋានក្តី ប៉ុន្តែការឡើងថ្លៃជ្រុលហួសហេតុធៀបនឹងសកម្មភាពសេដ្ឋកិច្ចដែលមាន វាជារឿងធ្វើវិទង្សនាសេដ្ឋកិច្ច ដែលមិនគួរឲ្យកើតមាននោះទេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here