ដោយ: គង់ លាងហួរ
បាងកក: លោក Maris Sangiampongsa រដ្ឋមន្ដ្រីការបរទេសថៃបានគូសបញ្ជាក់ថា រដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ គ្រោងផ្តល់អាទិភាពលើការដោះស្រាយបញ្ហាឆ្លងព្រំដែន។
ជាមួយគ្នានេះ ទីក្រុងបាងកកក៏បានអំពាវនាវស្វែងរកការគាំទ្រពីបណ្តាប្រទេសជិតខាងនៅក្នុងតំបន់ដូចជា កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីដោះស្រាយបញ្ហារួម។
លោក Maris ក៏បានលើកឡើងពីការបង្កើតទិដ្ឋាការទេសចរណ៍រួមរបស់បណ្តាប្រទេសក្នុងតំបន់ចំនួន ៦ដូចជា កម្ពុជា ឡាវ មីយ៉ាន់ម៉ា វៀតណាម ម៉ាឡេស៊ី និងថៃ។
-->
ជុំវិញបញ្ហានេះ លោករដ្ឋមន្ដ្រីការបរទេសថៃ បានប្តេជ្ញាពន្លឿនកិច្ចចរចាដើម្បីធ្វើឱ្យយុទ្ធនាការ “ប្រទេស៦ គោលដៅមួយ”លេចចេញជារូបរាងឡើងក្នុងពេលឆាប់ៗខាងមុខនេះ។ ការណ៍នេះអាចលើកទឹកចិត្តឱ្យភ្ញៀវទេសចរណ៍ធ្វើដំណើរទៅកម្សាន្តនៅបណ្តាប្រទេសទាំង៦កាន់តែច្រើនបន្ថែមទៀត និងជួយជំរុញសេដ្ឋកិច្ចក្នុងតំបន់។
ជាមួយគ្នានេះ ក្រសួងការបរទេសថៃ បានកោះកិច្ចប្រជុំជាមួយឯកអគ្គរាជទូតកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការពហុភាគី ក្នុងគោលបំណងដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអាងទន្លេមេគង្គ។
ប្រទេសកម្ពុជា ឡាវ ថៃ មីយ៉ាន់ម៉ា និងវៀតណាម ជាសមាជិកនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (ACMECS) ដែលជាអង្គការនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ អង្គការនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្រួមគម្លាតផ្នែកសេដ្ឋកិច្ចរវាងបណ្តាប្រទេសជាសមាជិកទាំង៥។
លោក Maris បានគូសបញ្ជាក់ពីការត្រៀមខ្លួនជាស្រេចរបស់ថៃ ក្នុងការដឹកនាំកិច្ចខិតខំប្រឹងប្រែង ដើម្បីការពារ និងដោះស្រាយបញ្ហាទឹកជំនន់ និងគ្រោះរាំងស្ងួតនៅអាងទន្លេមេគង្គក្នុងរយៈពេលវែង ទៅកាន់ឯកអគ្គរាជទូតកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម។
លោកបានលើកឡើងថា ភាគីថៃនឹងប្រើប្រាស់ចំណេះដឹង និងបទពិសោធន៍ក្នុងការគ្រប់គ្រងធនធានទឹកអន្តរជាតិ ក៏ដូចជាបង្កើតកិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិដូចជា វិទ្យាស្ថានមេគង្គ និងគណៈកម្មការទន្លេមេគង្គដើម្បីធានាការអនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។
មន្ដ្រីជាន់ខ្ពស់រូបនេះបានបន្តថា “យើងមានគោលដៅអភិវឌ្ឍន៍ប្រព័ន្ធព្រមានពីគ្រោះមហន្តរាយ ប្រតិបត្តិការបូមខ្សាច់តាមដងទន្លេ និងកសាងតំបន់ស្តុកទឹកជន់លិច ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅតាមដងទន្លេមេគង្គ ដើម្បីធានាការគ្រប់គ្រងទឹកប្រកបដោយប្រសិទ្ធភាពនាពេលអនាគត។
លោក Maris បានបន្ថែមថា កិច្ចប្រជុំជាមួយសមាជិកយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ ជាផ្នែកមួយនៃគោលនយោបាយរបស់រដ្ឋាភិបាលថៃ ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការអន្តរជាតិជាមួយបណ្តាប្រទេសជាប់អាងទន្លេមេគង្គ ដើម្បីដោះស្រាយស្ថានភាពទឹកជំនន់ដែលកំពុងបង្កផលប៉ះពាល់លើប្រជាជនថៃ និងប្រជាជននៃបណ្តាប្រទេសជិតខាង៕ប្រភព: The Nation៕
