ដោយ: គង់ លាងហួរ
អន្តរជាតិ: សហរដ្ឋអាមេរិកនៅតែជាកំពូលមហាអំណាច ដែលមានឥទ្ធិពលខ្លាំងបំផុតទៅក្នុងតំបន់អាស៊ី ខណៈប្រទេសចិនបានតាមប្រកៀកប្រកិតពីក្រោយ។នេះបើយោងតាមសន្ទស្សន៍អំណាចអាសុីប្រចាំឆ្នាំ២០២៤(Asia Power Index) ដែលបានចេញផ្សាយដោយវិទ្យាស្ថានLowy Institute។
វិទ្យាស្ថាន Lowy Institute ដែលមានមូលដ្ឋាននៅទីក្រុងសុីដនី ក្នុងប្រទេសអូស្ត្រាលី បានផ្តល់ពិន្ទុដល់បណ្តាប្រទេសនិងតំបន់ចំនួន២៧ ជុំវិញសមត្ថភាពជះឥទ្ធិពលនៅក្នុងតំបន់អាស៊ី ដោយផ្អែកលើសូចនាករសំខាន់ៗ ដែលរួមមានដូចជាសមត្ថភាពសេដ្ឋកិច្ច យោធា និងការទូត។
ឥណ្ឌាបានជាប់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីសហរដ្ឋអាមេរិក និងចិន ខណៈជប៉ុនបានធ្លាក់មកនៅលេខរៀងទី៤ ហើយអូស្ត្ត្រាលីបានឈរនៅលេខរៀងទី៥។
-->
បណ្តាប្រទេសទាំង៥នេះតែងជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង៥ ក្នុងនាមជាប្រទេសជះឥទ្ធិពលខ្លាំងបំផុតទៅក្នុងតំបន់អាស៊ី គិតចាប់តាំងពីសន្ទស្សន៍អំណាចអាសុី ត្រូវបានចាប់ផ្តើមវាយតម្លៃនៅឆ្នាំ២០១៨។ ប្រទេសរុស្ស៊ី និងកូរ៉េខាងត្បូងបានឈរនៅលេខរៀងទី៦ និងទី៧ រៀងគ្នា ខណៈប្រទេសសិង្ហបុរី ឥណ្ឌូនេស៊ី និងថៃ ក៏បានជាប់ចំណាត់ថ្នាក់ក្នុងបណ្តាប្រទេសលំដាប់កំពូលទាំង១០ផងដែរ។
ចំណែក ប្រទេសម៉ាឡេសុី និងប្រទេសវៀតណាមបានឈរនៅលេខរៀងទី១១ និងទី១២រៀងគ្នា ខណៈប្រទេសហ្វីលីពីនបានឈរនៅលេខរៀងទី១៥។ ប្រទេសព្រុយណេ និងកម្ពុជាបានឈរនៅលេខរៀងទី១៨ និងទី១៩រៀងគ្នា ខណៈប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ាជាប់ចំណាត់ថ្នាក់លេខ២២ និងលេខ២៣រៀងគ្នាក្នុងចំណោមបណ្តាប្រទេសសរុបទាំង២៧។
លោកស្រី Susannah Patton អ្នកដឹកនាំការសិក្សាស្រាវជ្រាវលើរបាយការណ៍នេះបានអះអាងថា “សហរដ្ឋអាមេរិកមានគុណសម្បត្តិរឹងមាំជាច្រើននៅក្នុងតំបន់អាស៊ី ជាពិសេសបណ្តាញការពារជាតិដែលបានវ៉ាដាច់ប្រទេសចិនឆ្ងាយណាស់ ខណៈឥទ្ធិពលចម្បងរបស់ចិនបានពឹងផ្អែកលើទំនាក់ទំនងសេដ្ឋកិច្ច”។
សហរដ្ឋអាមេរិកបាននាំមុខប្រទេសចិននៅក្នុងសន្ទស្សន៍អំណាចអាសុីនេះជារៀងរាល់ឆ្នាំ ចាប់តាំងពីការសិក្សាស្រាវជ្រាវបានចាប់ផ្តើមឡើង។ទោះជាយ៉ាងណាក្តី ប្រទេសចិនបានបន្តទទួលបានសន្ទុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តាមរយៈការទាញយកផលប្រយោជន៍ពីទីតាំងភូមិសាស្ត្រ និងការតភ្ជាប់នានាដើម្បីជំរុញទំនាក់ទំនងការទូតសេដ្ឋកិច្ចជាមួយបណ្តាប្រទេសជិតខាងក្នុងតំបន់៕ប្រភព: Lowly Institute៕
