ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈប្រាក់ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះបន្តិច មុនពេលចេញផ្សាយទិន្នន័យសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិក(CPI)នៅត្រឹមម៉ោងសកល 1230 GMT។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់២៦១១,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,២០ភាគរយដល់២៦៣១,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦០៧,៧៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦២៦ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨១,២ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះបន្តិចមកនៅត្រឹម១០២,៨៦ពិន្ទុ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០២,៩៣ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៤១%ដល់៣០,៨០ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង១,១៨%ដល់៩៦៨,៦០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៤%ដល់១០៥៧,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៧នាទីព្រឹក៕
