ដោយ: គង់ លាងហួរ
អន្តរជាតិ: កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា គ្រោងនឹងបើកនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ នៅថ្ងៃសុក្រ ទី១១ ខែតុលា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិកលោកចូ បៃដិន នឹងមិនបង្ហាញវត្តមានឡើយ។
លោក ចូបៃដិន បានសម្រេចបញ្ជូនអ្នកតំណាងមកជំនួសលោកចំនួន២ឆ្នាំជាប់គ្នា ចាប់តាំងពីប្រទេសឥណ្ឌូនេសុីធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានកាលពីឆ្នាំ២០២៣។ ទោះជាយ៉ាងណា កម្រិតនៃការតំណាងចូលរួម ក៏ត្រូវបានបន្ទាបបន្ថែមទៀតផងដែរពីកម្រិតអនុប្រធានាធិបតីអាមេរិកលោកស្រី Kamala Harris ក្នុងឆ្នាំ២០២៣ មកនៅត្រឹមកម្រិតរដ្ឋមន្ដ្រីការបរទេសលោក Antony Blinken នៅឆ្នាំ២០២៤នេះ។
សេចក្តីសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីនិន្នាការទាក់ទងនឹងគោលនយោបាយការបរទេសរបស់សហរដ្ឋអាមេរិក ដែលជាសញ្ញាបង្ហាញពីការផ្តល់អាទិភាពតិចមកលើតំបន់អាស៊ីអាគ្នេយ៍ និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន។
-->
ផ្ទុយទៅវិញ ក្នុងអំឡុងពេលដូចគ្នានេះ លោក បៃដិន គ្រោងធ្វើដំណើរទៅកាន់ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដើម្បីពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត។នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់សេតវិមាន។
សកម្មភាពការទូតនេះត្រូវបានគេចោទជាសំណួរយ៉ាងធ្ងន់ធ្ងរអំពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ទីក្រុងវ៉ាស៊ីនតោនចំពោះតំបន់អាស៊ាន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។
ស្របពេលឥទ្ធិពលរបស់ចិននៅក្នុងតំបន់បន្តកើនឡើង អវត្តមានរបស់ប្រធានាធិបតីអាមេរិកនៅក្នុងវេទិកាសំខាន់ៗទាំងនេះ បានបញ្ជូនសញ្ញាមិនច្បាស់លាស់ជាថ្មីម្តងទៀត។ ការណ៍នេះនឹងធ្វើឱ្យប៉ះពាល់ដល់គោលដៅយុទ្ធសាស្ត្ររបស់អាមេរិក។
ទោះបីជាសហរដ្ឋអាមេរិកបានអះអាងជាញឹកញាប់ថា តំបន់អាស៊ានជាសសរស្តម្ភដ៏សំខាន់នៃយុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិករបស់ខ្លួនយ៉ាងណាក្តី ក៏ប៉ុន្តែសកម្មភាពពិតប្រាកដរបស់ទីក្រុងវ៉ាស៊ីនតោនបាន ស្តែងឱ្យឃើញថា អាស៊ាននៅតែត្រូវបានផ្តល់អាទិភាពតិចនៅក្នុងរង្វង់ភូមិសាស្ត្រនយោបាយរបស់អាមេរិក។
តួយ៉ាង ការសម្រេចចិត្តរបស់លោក ចូ បៃដិន ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល Quad លើកទី៤នៅស្រុកកំណើតរបស់លោកក្នុងរដ្ឋ Delaware រួមជាមួយនឹងនាយករដ្ឋមន្ត្រីអូស្ត្រាលី ជប៉ុន និងឥណ្ឌាជាឧទាហរណ៍ស្រាប់។
ការសម្រេចនេះឆ្លុះបញ្ចាំងឱ្យឃើញពីការសង្កត់ធ្ងន់របស់សហរដ្ឋអាមេរិកលើសម្ព័ន្ធភាពដែលផ្តោតលើសន្តិសុខដូចជា Quad និងភាពជាដៃគូសន្តិសុខត្រីភាគីរវាងអូស្ត្រាលី ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិក (AUKUS)។
យោងតាមខ្លឹមសារនៃសេចក្តីថ្លែងការណ៍រួម ដើម្បីប្រារព្ធខួបលើកទី៣របស់សម្ព័ន្ធភាព AUKUS កាលពីខែមុន សហរដ្ឋអាមេរិកបានគូសបញ្ជាក់បន្ថែមទៀតអំពីការផ្តល់អាទិភាពរបស់ខ្លួនចំពោះក្រុមសម្ព័ន្ធមិត្ត ដែលផ្តោតលើសន្តិសុខផ្តាច់មុខទាំងនេះ លើសពីទំនាក់ទំនងជាមួយតំបន់អាស៊ាន។
សហរដ្ឋអាមេរិកក៏បានពង្រឹងកិច្ចសហប្រតិបត្តិការត្រីភាគីនៅក្នុងតំបន់ ជាពិសេសជាមួយដៃគូដែលមានគំនិតដូចគ្នា ដែលរួមមានកិច្ចប្រជុំកំពូលត្រីភាគីជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូងនៅការិយាល័យ Camp David កាលពីឆ្នាំមុន និងកិច្ចប្រជុំកំពូលជាផ្លូវការជាមួយប្រទេសជប៉ុន និងហ្វីលីពីន ដែលបានរៀបចំឡើងនៅទីក្រុងវ៉ាស៊ីនតោននៅក្នុងខែមេសាឆ្នាំនេះ។
ទោះបីជាសហរដ្ឋអាមេរិកតែងតែប្រកាសសង្កត់ធ្ងន់លើមជ្ឈភាពរបស់អាស៊ាននៅក្នុងវោហាសាស្ត្ររបស់ខ្លួនយ៉ាងណាក្តី ប៉ុន្តែ សកម្មភាពភាគច្រើនរបស់អាមេរិកផ្តោតលើទំនាក់ទំនងទ្វេរភាគីជាមួយបណ្តាប្រទេសដែលមានគំនិតដូចគ្នា និងការចាត់ទុកអាស៊ានជាឧបករណ៍ប្រកួតប្រជែងជាយុទ្ធសាស្រ្តជាមួយប្រទេសចិន។
យ៉ាងណាមិញ តំបន់អាស៊ានមិនខ្វះជម្រើសក្នុងការជ្រើសរើសនោះទេ។តំបន់នេះកំពុងងាកកាន់តែខ្លាំងឡើងឆ្ពោះទៅកាន់មហាអំណាចផ្សេងទៀតដូចជា អូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង ឥណ្ឌា និងសហភាពអឺរ៉ុបជាដើម ខណៈប្រទេសចិននៅតែបន្តពង្រឹងវត្តមានរបស់ខ្លួននៅក្នុងតំបន់៕ប្រភព: CNA៕
