ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសអូស្ត្រាលី ពុំមែនជាប្រទេសតែមួយគត់នៅតំបន់អាស៊ី ដែលកំពុងប្រឈមមុខនឹងវិបត្តិលំនៅដ្ឋាននោះទេ។ ជាក់ស្ដែងប្រទេសចិន ក៏កំពុងបន្តជាប់ផុងនៅក្នុងវិបត្តិមួយនេះដូចគ្នា ដោយរកច្រកចេញមិនឃើញ។
នៅចុងឆ្នាំមុន ធនាគារNomura បានប៉ាន់ប្រមាណថា ចំនួនលំនៅដ្ឋាននៅប្រទេសចិន ដែលត្រូវបានលក់ចេញមុន ប៉ុន្តែមិនទាន់បានសាងសង់បញ្ចប់រួចរាល់(Pre-sold home) មានចំនួន២០លានយូនីត។
-->
ទោះជាយ៉ាងណា វិបត្តិលំនៅដ្ឋានរបស់ប្រទេសអូស្ត្រាលីមានសភាពធ្ងន់ធ្ងរជាងគេបំផុត ក្នុងចំណោមបណ្តាប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿននៅតំបន់អាស៊ី។
ជាមួយគ្នានេះ កង្វះខាតលំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាចំណុចស្នូល នៃវិបត្តិលំនៅដ្ឋាននៅតំបន់អាស៊ី។ បណ្តាវិនិយោគិន និងអ្នកអភិវឌ្ឍន៍សកល អាចជួយបង្កើនការផ្គត់ផ្គង់។ ប៉ុន្តែ ពួកគេមិនអាចដោះស្រាយដើមហេតុ នៃវិបត្តិនេះបានទេ។
កន្លងមក ប្រទេសអូស្ត្រាលី តែងទទួលបានអត្ថប្រយោជន៍ពីភាពទាក់ទាញរបស់ខ្លួន ជាគោលដៅវិនិយោគដ៏មានសក្តានុពល។ យ៉ាងណាមិញ អ្នកនយោបាយអូស្ត្រាលី ត្រូវធ្វើកិច្ចការជាច្រើនទៀត ដើម្បីដោះស្រាយវិបត្តិលំនៅដ្ឋាន។ នេះបើយោងតាមលោក Nicholas Spiro ដៃគូនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Lauressa Advisory។
ការបរាជ័យរបស់រដ្ឋាភិបាលសហព័ន្ធ នៃប្រទេសអូស្ត្រាលី និងបណ្តារដ្ឋនីមួយៗ ក្នុងការបង្កើនការផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃសមរម្យ ជាកត្តាជំរុញឱ្យមានវិបត្តិលំនៅដ្ឋាន។ ជាពិសេស ការកើនឡើងនៃលំហូរជនចំណាកស្រុក ពីបរទេស បានធ្វើឱ្យតម្លៃជួលកាន់តែកើនឡើង និងបានបង្កើតឱកាសវិនិយោគសម្រាប់អ្នកវិនិយោគធំៗ ជាពិសេសអ្នកទិញនៅតំបន់អាស៊ី។
ទន្ទឹមនឹងនោះ អ្នកអភិវឌ្ឍន៍សិង្ហបុរីមួយចំនួន បានឈានជើងចូល ទៅក្នុងទីផ្សារអគារស្នាក់នៅរបស់និស្សិត នៅទីក្រុងស៊ីដនី និងទីក្រុងមែលប៊ន ខណៈសាកលវិទ្យាល័យនៅទីក្រុងទាំង២ ជាមេដែកស្រូបទាញនិស្សិតជាច្រើនមកពីតំបន់អាស៊ី។ អតុល្យភាពរវាងតម្រូវការ និងការផ្គត់ផ្គង់នៅក្នុងវិស័យនេះបានជំរុញកំណើនតម្លៃជួលដ៏រឹងមាំ និងអត្រាគ្របដណ្តប់ការប្រើប្រាស់ដ៏ខ្ពស់៕ប្រភព: SCMP៕
