ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃ ក្នុងការជួញដូរនៅព្រឹកថ្ងៃសុក្រនេះ ដោយសារភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានជំរុញឱ្យតម្រូវការមាសកើនឡើង បន្ទាប់ពីក្រុម Hezbollah អះអាងថា ខ្លួននឹងបង្កើនកំដៅសង្គ្រាមជាមួយអុីស្រាអែល ហើយការបោះឆ្នោតនៅសហរដ្ឋអាមេរិកក៏កាន់តែខិតជិតមកដល់។
តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៥៤ភាគរយដល់២៧០៧,១៧ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥៩ភាគរយដល់២៧២៣,៦០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៦នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៩២,៥៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧០៧,៥០ដុល្លារក្នុងមួយអោន។
-->
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៣,៦៩ពិន្ទុគិតនៅត្រឹមម៉ោង១០:៤៩នាទីព្រឹកនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៣,៨៣ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង១,០៦%ដល់៣២,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,២៦%ដល់១០០៨,៤០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៧៧%ដល់១០៥៣,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥០នាទីព្រឹក។
