ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅព្រឹកថ្ងៃសុក្រនេះ ដោយសារភាពធន់នៃតម្លៃប្រាក់ដុល្លារ ខណៈទិន្នន័យសេដ្ឋកិច្ចដ៏រឹងមាំរបស់សហរដ្ឋអាមេរិកអាចជំរុញឱ្យធនាគារកណ្តាលអាមេរិកពិចារណាទម្លាក់អត្រាការប្រាក់ក្នុងទ្រង់ទ្រាយតូចចំនួន០,២៥ភាគរយនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៣២ភាគរយដល់២៧២៦,៩៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣៧ភាគរយដល់២៧៣៨,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣០នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៣៥,៧០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៤៨,៩០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសជាង៩៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនាខែវិច្ឆិកាខាងមុខ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតក្នុងសភាពទ្រឹងនៅព្រឹកថ្ងៃសុក្រនេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,០៦ពិន្ទុកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៦%ដល់៣៣,៦៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៨៣%ដល់១.០២៥ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ១,៨%ដល់១.១៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក៕