តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃច័ន្ទនេះ ដោយសារប្រាក់ដុល្លារអាមេរិកបានងើបឡើងថ្លៃ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំអ៊ុតមើលទិន្នន័យសេដ្ឋកិច្ចអាមេរិក ដើម្បីព្យាករណ៍អំពីទិសដៅគោលនយោបាយរូបិយវត្ថុនាពេលអនាគតរបស់ធនាគារកណ្ដាលអាមេរិក(Fed)។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៥៤ភាគរយដល់២.៧៣៣ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣២ភាគរយដល់២៧៤៥,៨០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៤៧,៧ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៥៤,៦០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៩៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំកំណត់គោលនយោបាយនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,៥២ពិន្ទុគិតត្រឹមម៉ោង១០:៣៥នាទីព្រឹក បន្ទាប់ពីបិទការជួញដូរត្រឹម១០៤,២៦ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៦%ដល់៣៣,៥៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ០,៦៣%ដល់១០៣០,២០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ០,២៧%ដល់១១៩៩,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here