ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈក្រុមអ្នកវិនិយោគកំពុងបន្តរង់ចាំអ៊ុតមើលនូវលទ្ធផលនៃកិច្ចប្រជុំកំណត់គោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលអាមេរិក(Fed) ដែលគ្រោងប្រកាសចេញផ្សាយនៅក្នុងសប្តាហ៍នេះ។
តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,២៣ភាគរយដល់២៧៣០,២១ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានធ្លាក់ចុះ០,៣ភាគរយដល់២.៧៣៨ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៣នាទីព្រឹក។
គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៣៦,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៤៦,២០ដុល្លារក្នុងមួយអោន។
យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៨ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយទៀតក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងត្រឹម១០៣,៩១ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៣,៨៩ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។
តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,២៦%ដល់៣២,៥២ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,០៦%ដល់៩៩១,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,៣២%ដល់១០៨៥,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៨នាទីព្រឹក៕