តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានធ្លាក់ថ្លៃចុះក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំយ៉ាងអន្ទះសារនូវលទ្ធផលពីការប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសតំណែងប្រធានាធិបតីអាមេរិកសម្រាប់អាណត្តិបន្ទាប់។

តួយ៉ាង តម្លៃមាស Spot Gold បានធ្លាក់ចុះ០,៤១ភាគរយដល់២៧៣២,៤៦ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើងត្រឹមតែ០,០៧ភាគរយដល់២៧៥១,៧០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣១នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៧៤៣,៥៩ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៧៤៩,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៩៧ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៤,៩០ពិន្ទុគិតត្រឹមម៉ោង១០:៣៥នាទីព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៣,៤២ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ១,៣៣%ដល់៣២,៣៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានធ្លាក់ចុះ១,១១%ដល់៩៩៥,៥០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានធ្លាក់ចុះ២,២៨%ដល់១.០៥៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here