តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃច័ន្ទនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃច័ន្ទនេះ ខណៈទីផ្សារកំពុងរង់ចាំស្តាប់នូវការធ្វើសេចក្តីអត្ថាធិប្បាយពីក្រុមមន្ត្រីធនាគារកណ្តាលអាមេរិកនៅសប្តាហ៍នេះ ដែលអាចផ្តល់តម្រុយបន្ថែមទៀតអំពីទិសដៅអត្រាការប្រាក់របស់សហរដ្ឋអាមេរិក។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង១,០៨ភាគរយដល់២៥៨៨,៧៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៩៣ភាគរយដល់២.៥៩៤ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃសុក្រសប្តាហ៍មុន តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៦១,២៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៧០,១០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៦៥,៣ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានស្ថិតនៅទ្រឹងនៅព្រឹកថ្ងៃច័ន្ទនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៦៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុន។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៨៣%ដល់៣០,៦៨ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង១,១៩%ដល់៩៥៦,៣០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង២,៥១%ដល់៩៦៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here