តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃអង្គារនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃអង្គារនេះ ស្របពេលដែល​តម្លៃប្រាក់​ដុល្លារអាមេរិកបានធ្លាក់ថ្លៃចុះវិញ រួមជាមួយនឹងការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើងអំពី​សង្គ្រាមរវាង​រុស្ស៊ី និង​អ៊ុយក្រែន បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក ចូ បៃដិន អនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់​មីសុីលរយៈ​ចម្ងាយ​ឆ្ងាយ​​​ដើម្បី​វាយប្រហារចូល​ជ្រៅក្នុង​ទឹកដី​រុស្ស៊ី។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៤១ភាគរយដល់២៦២២,៨៩ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥១ភាគរយដល់២៦២៧,៩០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃច័ន្ទម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦១២,២០ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦១៤,៦០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៨,៤ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះដល់១០៦,១៥ពិន្ទុនៅព្រឹកថ្ងៃអង្គារនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,២៨ពិន្ទុកាលពីថ្ងៃច័ន្ទម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៧៩%ដល់៣១,៤៧ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៥%ដល់៩៧៦,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,២៨%ដល់១.០១១ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៦នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here