តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលសញ្ញាសំខាន់ៗអំពីផែនការអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក គួបផ្សំនឹងភាពតានតឹងកាន់តែខ្លាំងរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ដែលបានបង្កឱ្យតម្រូវការមាសកើនឡើង។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,៣២ភាគរយដល់២៦៤០,១៥ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៥ភាគរយដល់២៦៤៤,១០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៣១,៦៨ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២.៦៣១ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៩ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០៦,២៣ពិន្ទុនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,២១ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,១៧%ដល់៣១,៣១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,២៤%ដល់៩៨០,៩០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,១២%ដល់១០៣៨,៥០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤០នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here