តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈតម្រូវការទិញមាសកើនឡើង ស្របពេលមានភាពតានតឹងកាន់តែខ្លាំងរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយក្រុមអ្នកវិនិយោគក៏កំពុងរង់ចាំអ៊ុតមើលទស្សនវិស័យអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិកផងដែរ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់២៦៥៤,៣០ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,១៧ភាគរយដល់២៦៥៦,២០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៥នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៦៥០,០៥ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៦៥១,៧០ដុល្លារក្នុងមួយអោន។

យោងតាមឧបករណ៍ CME FedWatch បានឱ្យដឹងថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាសចំនួន៥៦ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងទម្លាក់អត្រាការប្រាក់ចំនួន០,២៥ភាគរយបន្ថែមទៀតក្នុងកិច្ចប្រជុំនៅខែធ្នូខាងមុខ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិកធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០៦,៥៣ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបានបិទការជួញដូរក្នុងរង្វង់១០៦,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,៣៥%ដល់៣១,១១ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីនបានងើបឡើង០,៣១%ដល់៩៦៨,៨០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៤%ដល់១.០៣០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៣៩នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here